(កំពង់ធំ)៖ លោក សុក ហៃ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណារលើ បានថ្លែងថា បក្សប្រជាជនកម្ពុជាផ្ដល់សិទ្ធិសេរីភាព ភាពកក់ក្តៅ និងទំនុកចិត្តដល់ប្រជាជន។

លោក សុក ហៃ បានថ្លែងក្នុងពិធីយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាង៤០០នាក់។

លោក សុក ហៃ បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើជូនសមាជិកសមាជិកាគណបក្សទាំងអស់ ឲ្យបានជ្រាបថា ទោះបីជាពេលវេលានេះសម្ដេចមិនបានចុះដោយផ្ទាល់ នឹងជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ នៅតាមឃុំសង្កាត់ក៏ពិតមែន ប៉ុន្តែសម្ដេចសម្ដែងនូវក្តីនឹករឭកជាពន់ពេក ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមតំបន់មូលដ្ឋាន ដែលកន្លងមកមានជំនឿជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជន។

លោកបានបន្ថែមទៀតថា នៅចំពោះមុខនេះរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមលក្ខណៈក្នុងការជំរុញអនុវត្តនូវក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីតាមរយៈការដាក់ចេញគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបបិយវត្ថុ និងការដាក់ចេញវិធានការអន្តរាគមន៍នានាបន្ថែមតាមការចាំបាច់ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ជាពិសេសបង្កើតការងារជូនប្រជាជនផ្តល់លទ្ធភាពឲ្យគ្រួសារទទួលបានប្រាក់ចំណូលកើនឡើង បន្តលើកកម្ពស់ប្រព័ន្ធអប់រំនិងការបណ្ដុះបណ្ដាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច និងគុណភាពនៃការរស់នៅព្រមទាំងបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំទ្រសង្គមឲ្យកាន់តែរឹងមាំនិងប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាពសំដៅធានាឱ្យកម្ពុជាបន្តដំណើរលើមាគ៌ាអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដោយវិបុលភាពសមធម៌ បរិយាបន្ននិងចីរភាព។

ចុងក្រោយលោក សុក ហៃ បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជានាពេលកន្លងមកនិងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀត៕