(កំពង់ឆ្នាំង)៖ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រមាណ ៦២២នាក់ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជាមួយការអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតជូនបេក្ខភាពក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវការអភិវឌ្ឍ និងការលើកកម្ពស់ជីវភាពពលរដ្ឋឱ្យកាន់តែប្រសើរ។ ជាពិសេសជាក្រុមប្រឹក្សាឃុំដែលយកចិត្តទុកដាក់ខ្ពស់ចំពោះការផ្តល់សេវានានាប្រកបដោយភាពល្អប្រសើរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋ។

យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំកំពង់ហៅ ដឹកនាំដោយលោកបណ្ឌិត សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង, លោក កែវ ពៅ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ហៅ, លោក ឆាយ លាភា សមាជិកគណកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង និងក្រុម
ការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង។

ក្នុងពិធីបើកយុទ្ធនាការនោះ លោកបណ្ឌិត សឹង សំណាង បានលើកឡើងថា ការរីកចម្រើន សុខសន្តិភាពរបស់សង្គមជាតិ និងការប្រសើរនៃជីវភាពរបស់ប្រជាពលរដ្ឋ គឺបានមកពីការធ្វើពលិកម្មរបស់គណបក្សប្រជាជនកម្ពុជា។ លោកបណ្ឌិត ក៏បានលើកបង្ហាញពីភាពជោគជ័យរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩, ការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋពីជំងឺកាចសាហាវមួយនេះ។

លោកបណ្ឌិត បានក្រើនរំលឹកដល់សមាជិក សមាជិកាត្រូវចូលរួមបោះឆ្នោតគាំទ្របេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិថ្មីរបស់គណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា «ពេលគណបក្សប្រជាជនដឹកនាំប្រទេសអ្នកណាក៏អាចរួមរស់ជាមួយបានដែរ ជាពិសេសមានតែគណបក្សប្រជាជនមួយគត់ជាអ្នកនាំមកនូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិ និងភាពរីកចម្រើន»

សូមបញ្ជាក់ថា ថ្ងៃដំបូងនៃការបើកយុទ្ធនការនេះ ឃុំទាំង៩ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់លែង បានបើកយុទ្ធនាការព្រមៗគ្នា ដោយមានការចូលរួមពីសមាជិក សមាជិកាបក្សប្រជាជនយ៉ាងច្រើនកុះករ ជាមួយការប្តេជ្ញាដណ្តើមយកជ័យជម្នះលើការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មី ដើម្បីបន្តដឹកនាំភូមិឃុំឲ្យមានការវិវឌ្ឍន៍និងរីកចម្រើន៕