(កំពត)៖ នៅក្នុងឱកាស នៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាក្រុងបូកគោ ខេត្តកំពត បានបើកយុទ្ធនាការឃោសនា ដោយមានសមាជិក សមាជិកា ជាង១,០០០នាក់ បានចូលរួមដង្ហែក្បួនដោយមានក្បួនរថយន្ត និងក្បួនម៉ូតូយ៉ាងគគ្រឹកគគ្រេង ក្នុងសង្កាត់ទាំង៣របស់ក្រុងបូកគោ។

លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ ដែលដឹកនាំក្បួនឃោសនាបោះ ឆ្នោតនៅសង្កាត់កោះតូច ក្រុងបូកគោ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដើរតួនាទីស្នូល ក្នុងការសង្គ្រោះជាតិ សង្គ្រោះប្រជាជនពីរបបខ្មែរក្រហម និងនាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ លើគ្រប់វិស័យជូនជាតិនិងមាតុភូមិ។

លោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា នៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ អ្វីៗដែលកម្ពុជាយើងមានការរីកចម្រើនគឺជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា រួមនឹងការគាំទ្រពេញទំហឹងពីប្រជាពលរដ្ឋកម្ពុជា។

ក្រៅពីការចាក់សារឃោសនានានា លោក នេត្រ ភក្ត្រា បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិក សមាជិកាគណបក្ស អំពីសមិទ្ធផលជាប្រវត្តិសាស្ត្រដែលគណបក្សប្រជាជនកម្ពុជា បានកសាងឡើងចាប់តាំងពីការបង្កើតគណបក្ស រហូតមកដល់ពេលនេះ ដោយគូសបញ្ជាក់ថា «គណបកក្សប្រជាជនកម្ពុជាធ្វើអ្វីៗទាំងអស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»។

លោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានគូសបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ដំណាក់ កាលសំខាន់ៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ហើយគណបក្សប្រជាជនកម្ពុជា បានដើរតួនាទីសំខាន់ជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ គណបក្សប្រជាជនកម្ពុជា បានជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិ ដឹកនាំប្រជាជន តស៊ូពុះពារអនុវត្តនូវភារកិច្ចសំខាន់ៗ ដោយជោគជ័យធ្វើឲ្យប្រទេសជាតិមានស្ថិរភាព មានសុខសន្តិភាព ពេញលេញ និងពោរពេញដោយការអភិវឌ្ឍលើគ្រប់វិស័យ។

លោក នេត្រ ភក្ត្រា បានលើកឡើងថា ក្រៅពីសមិទ្ធផលជាប្រវត្តិសាស្ត្រធំ ក្នុងការបញ្ចប់សង្គ្រាម និងកសាងសន្តិភាព រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បានគិតគូរ និងបម្រើផលប្រយោជន៍ពលរដ្ឋគ្រប់កាលៈទេសៈនៅជាប់នឹងប្រជាពលរដ្ឋ ហើយក្នុងពេលប្រឈមនឹងជំងឺឆ្លងកូវីដ១៩ រាជរដ្ឋាភិបាល បានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំជូនពលរដ្ឋប្រឆាំងនឹងជំងឺកូវីដ១៩ ដោយដាក់ចុះនូវនយោបាយ វ៉ាក់សាំងធ្វើឲ្យកម្ពុជា មានភាពស៊ាំក្នុងសង្គម ទប់ស្កាត់បានការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ និងបានបើកដំណើរការប្រទេសឡើងវិញ ព្រមទាំងផ្តល់នូវការគាំពារសង្គមដល់ប្រជាពលរដ្ឋ។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «នេះគឺជាបម្រើប្រជាពលរដ្ឋរបស់គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ»។

ជាមួយគ្នានេះ លោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀត ដើម្បីធានានិរន្តរភាព នៃជ័យជម្នះគណបក្សប្រជាជនកម្ពុជា និងអនុញ្ញាតឲ្យគណបក្សប្រជាជនកម្ពុជាបម្រើជាតិ និងប្រជាជន បន្តការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនបន្ថែមទៀត៕