(ភ្នំពេញ)៖ លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់នៅមុននេះបន្តិចថា គិតត្រឹមវេលាម៉ោង ៩៖៤៥នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ ស្រ្តីសកម្មជនដីធ្លី២នាក់ចុងក្រោយ ក្នុងចំណោម៥នាក់ ដែលចូលរួមយុទ្ធនាការស្លៀកពាក់ខ្មៅ នាព្រឹកមិញនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញហើយ ក្រោយពីពួកគេយល់ព្រម ទទួលស្គាល់កំហុសរបស់ខ្លួន។

លោក ហ៊ុន សុធី បានបញ្ជាក់ថា «ស្រ្តីទាំង២នាក់ ដែលដំបូងមិនយល់ព្រមទទួលស្គាល់កំហុស នៅពេលនេះពួកគេបានយល់ព្រមផ្តិតមេដៃហើយ ដោយទទួលស្គាល់កំហុស ចំពោះសកម្មភាពរបស់ពួកគេ ហើយលើកក្រោយទៀត នឹងមិនធ្វើបែបនេះតទៅទៀតឡើយ»។

សូមជំរាបថា នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ មានមនុស្សទាំង៥នាក់៖ ម្នាក់សកម្មជនបឹងកក់, ៣នាក់បុរីកីឡា និងម្នាក់មកពីស្រុកថ្មគោល ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនទៅសាកសួរ ពាក់ព័ន្ធស្លៀកពាក់ខ្មៅ ក្នុងយុទ្ធនាការទាមទារ ឲ្យមានការដោះលែង មន្រ្តីអង្គការអាដហុក៤នាក់ និងមន្រ្តី គ.ជ.ប ម្នាក់ ដែលត្រូវបានអង្គភាពប្រឆាំង អំពើពុករលួយឃាត់ខ្លួន ហើយត្រូវបានតុលាការសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃសមនុស្ស៥នាក់​ ដែលធ្វើការឃាត់ខ្លួន មកសាកសួររួមមានឈ្មោះ៖

១៖ ឈ្មោះ ភោគ សុភីន ភេទ ស្រី សកម្មជនបុរីកីឡា

២៖ ឈ្មោះ ង៉ូវ ណាវី ភេទ ស្រី សកម្មជនបុរីកីឡា

៣៖ ឈ្មោះ យិន ស្រីន ភេទ ស្រី សកម្មជនបុរីកីឡា

៤៖ ឈ្មោះ ច្រាយ នីម ភេទ ស្រី សកម្មជនថ្មគោល

៥.ឈ្មោះ អ៉ីម ស្រីទូច ភេទ ស្រី សកម្មជនបឹងកក់។

យុទ្ធនាការស្លៀកខ្មៅ ត្រូវបានហាមឃាត់ ដោយរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែមានចរឹតដូចទៅនឹងចលនាដែល បង្កអសន្តិសុខដល់ប្រទេសជាតិ។ នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានចាត់វិធានការរាល់សកម្មភាព និងការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនេះ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូល៕