(ពោធិ៍សាត់)៖ ក្នុងចំណោមបុរសចំនួន៣នាក់ មានស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់មួយ ដែលបានកើតឡើង នៅម៉ោង៧៖១០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខវត្តបាកាន ស្ថិតក្នុងភូមិត្រពាំងជន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ករណីនេះបានកើតឡើង រវាងម៉ូតូ Dream ស៊េរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-0006 បើកបរដោយឈ្មោះ គង់ ភិន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ស្លាប់នៅនឹងកន្លែងកើតហេតុ រួមដំណើរដោយឈ្មោះ គង់ ភ័ណ្ឌ ភេទប្រុស អាយុ៤៥ឆ្នាំ របួសធ្ងន់ រស់នៅភូមិឃុំជាមួយគ្នា បានបុកជាមួយម៉ូតូ Dream ស៊េរី២០១០ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-0004 បើកបរដោយឈ្មោះ ផាន់ រ៉ន ភេទប្រុស អាយុ ៣២ឆ្នាំ របួសធ្ងន់ រស់នៅភូមិព្រះចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ គេឃើញមាន ម៉ូតូពីរគ្រឿង បើកក្នុងល្បឿនលឿន ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា លុះមកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាពេញទំហឹងឮដូចរន្ទះ បណ្តាលឲ្យស្លាប់ម្នាក់ នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់២នាក់តែម្តង។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយកើតហេតុ គេបានឃើញក្រុមជួយសង្គ្រោះ និងរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកបាកាន បានដឹកជនរងគ្រោះទៅសង្គ្រោះជាបន្ទាន់ រីឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុកនៅអធិការស្រុក ដើម្បីដោះស្រាយតាមនីតិវិធី នៅពេលក្រោយវិញ៕