(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង៨៖៣០នាទី យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ សកម្មជនដីធ្លី២នាក់ ម្នាក់មកពីសហគមន៍បឹងកក់ និងម្នាក់ទៀតមកពីសហគមន៍ថ្មគោល ដែលបានចូលរួមនៅក្នុងយុទ្ធនាការស្លៀកពាក់ខ្មៅ​ កាលពីព្រឹកមិញ មិនទាន់ត្រូវបានអនុញ្ញាត ឲ្យត្រឡប់ទៅផ្ទះវិញនៅឡើយទេ ក៏ព្រោះតែពួកគេ នៅមិនទាន់ទទួលកំហុស (មិនទាន់យល់ព្រមផ្តិតមេដៃ) ចំពោះសកម្មភាពដែលធ្វើឲ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណ:។ នេះបើយោងតាមលោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច។

លោក ហ៊ុន សុធី បានបញ្ជាក់ថា «មកដល់ពេលនេះ នៅសល់២នាក់ទៀត ម្នាក់ឈ្មោះ ច្រាយ នីម សកម្មជនថ្មគោល និងម្នាក់ទៀតឈ្មោះ អីុម ស្រីទូច សកម្មជនបឹងកក់ កំពុងបន្តសួរនាំ នៅឡើយទេ ពោលមិនទាន់ឲ្យទៅវិញនោះទេ ក៏ព្រោះតែពួកគេ មិនព្រមផ្តិតមេដៃ ទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះទង្វើ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណ: នាព្រឹកមិញ»

បើតាមលោក ហ៊ុន សុធី សម្រាប់មនុស្ស៣នាក់ទៀតនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ នៅរសៀលថ្ងៃនេះ ក្រោយពីពួកគេទាំង៣នាក់ បានផ្តិតមេដៃលើកិច្ចសន្យាចប់ ប្រព្រឹត្តិអំពើខុសច្បាប់ ដើរស្លៀកពាក់ខ្មៅតទៅទៀត។

សូមជំរាបថា នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ មានមនុស្សទាំង៥នាក់៖ ម្នាក់សកម្មជនបឹងកក់, ៣នាក់បុរីកីឡា និងម្នាក់មកពីស្រុកថ្មគោល ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនទៅសាកសួរ ពាក់ព័ន្ធស្លៀកពាក់ខ្មៅ ក្នុងយុទ្ធនាការទាមទារឲ្យមានការដោះលែង មន្រ្តីអង្គការអាដហុក៤នាក់ និងមន្រ្តី គ.ជ.ប ម្នាក់ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ហើយត្រូវបានតុលាការសម្រេចឃុំខ្លួន​​ ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃសមនុស្ស៥នាក់​ ដែលធ្វើការឃាត់ខ្លួន មកសាកសួររួមមានឈ្មោះ៖

១៖ ឈ្មោះ ភោគ សុភីន ភេទ ស្រី សកម្មជនបុរីកីឡា
២៖ ឈ្មោះ ង៉ូវ ណាវី ភេទ ស្រី សកម្មជនបុរីកីឡា
៣៖ ឈ្មោះ យិន ស្រីន ភេទ ស្រី សកម្មជនបុរីកីឡា
៤៖ ឈ្មោះ ច្រាយ នីម ភេទ ស្រី សកម្មជនថ្មគោល
៥.ឈ្មោះ អ៉ីម ស្រីទូច ភេទ ស្រី សកម្មជនបឹងកក់។

យុទ្ធនាការស្លៀកខ្មៅ ត្រូវបានហាមឃាត់ ដោយរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែមានចរឹតដូចទៅនឹងចលនាដែល បង្កអសន្តិសុខដល់ប្រទេសជាតិ។ នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានចាត់វិធានការរាល់សកម្មភាព និងការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនេះ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូល៕