(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ បានផ្តល់លេខទូរស័ព្ទ៣ខ្សែ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យរាយការណ៍ចំពោះករណីដែលខ្លួនមិនទាន់ទទួលបានអត្តសញ្ញាណបណ្ណគំរូថ្មី ក្រោយពេលបំពេញបែបបទ សុំអត្តសញ្ញាណបណ្ណរួចរាល់ ៣០ថ្ងៃ។

លេខទូរស័ព្ទ ៣ខ្សែនោះ មានដូចជា៖ ០១២២៥៨ ៨៥៨/ ០១២ ៨៨០ ៩៩០ និង ០១៦ ៨០ ៨០ ២០ ដែលអង្គភាពនេះបានទុក សម្រាប់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ចំពោះភាពមិនប្រក្រតីនៃការធ្វើអត្តសញ្ញាណបណ្ណ នៅទូទាំងប្រទេស។

សូមបញ្ជាក់ថា នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យមន្រ្តីជំនាញនានា ពន្លឿនការធ្វើអត្តសញ្ញាបណ្ណជូនប្រជាពលរដ្ឋ ហើយឱ្យប្រជាពលរដ្ឋ រាយការណ៍បើសិនជាមានមន្រ្តីនៅមូលដ្ឋានមានភាពអសកម្ម នៅក្នុងដំណើរការធ្វើអត្តសញ្ញាណបណ្ណ។

ការអំពាវនាវជាថ្មី របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបានរាយការណ៍ អំពីភាពយឺតយ៉ាវ ក្នុងការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនពួកគេ។ ពលរដ្ឋបានរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែនថា រយៈពេលនៃការធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមមូលដ្ឋានរបស់ពួកគេគឺ យូរខ្លាំងណាស់ អ្នកខ្លះរហូតដល់ជាងមួយឆ្នាំក៏មាន ហើយមិនទាន់បានទទួល ID នៅឡើយ។

ទោះជាយ៉ាងណា បើតាមការប្រកាសរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រហូតដល់ពេលនេះ ខ្លួនបានធ្វើអត្តសញ្ញាបណ្ណគំរូថ្មី ជូនប្រជាពលរដ្ឋខ្មែរចំនួន ៨.២លាននាក់ហើយ។ អគ្គនាយកដ្ឋាននេះ ក៏បានអំពាវនាវដល់យុវជន ដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ហើយមិនទាន់មានអត្តសញ្ញាបណ្ណ ទៅធ្វើអត្តសញ្ញាណបណ្ណឱ្យបានគ្រប់ៗគ្នាផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖