(ស្ទឹងត្រែង)៖ នៅថ្ងៃទី១៦ ខែឧសភា នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និង ជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ បាននាំយកអាវភ្លៀងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅផ្តល់ជូនកងទ័ពនៅទិសយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង។

ឧត្តមសេនីយ៌ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានគោរពថ្លែងអំណរគុណ ជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងយកចិត្តទុកដាក់ពីសុខទុក្ខដាក់របស់កងទ័ព។

លោកមេបញ្ជាការ ក្នុងនាមកងកម្លាំងទាំងអស់ នៅទិសយោធភូមិភាគទី១ បានប្តេជ្ញាលើកកម្ពស់គោលជំហរស្មារតីមោះមុត ដើម្បីការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត ដោយមិនឲ្យបដិវត្តពណ៌របស់ជនអគតិមួយក្តាប់តូចមកញុះញង់ បំបែកបំបាល់ បង្ករចលាចល ឬ ធ្វើឲ្យអស្ថេរភាពដល់សន្តិសុខ សណ្តាប់សង្គមឡើយ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ នាយឧត្តមសេនីយ៌ គន់ គីម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងទាំងអស់ ដែលកន្លងមកបានពុះពារអស់ពីកម្លាំងកាយចិត្តក្នុងបុព្វហេតុការពារជាតិ និង បម្រើប្រជាជន៕