(ភ្នំពេញ)៖ អំឡុងខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ២៤៤,៥៥៩នាក់ បានចូលមកកម្សាន្តនៅប្រទេសកម្ពុជា តាមព្រលានយន្តនៅភ្នំពេញ និងសៀមរាប ដែលកើន​ឡើងប្រមាណ ៦.៦ភាគរយ បើធៀបនឹងខែមីនា ឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែល Fresh News ទើបទទួលបាន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦។

របាយការណ៍បានបញ្ជាក់ថា អំឡុងខែមីនា ឆ្នាំ២០១៦ ក្នុងចំណោមភ្ញៀវមកតាមជើងអាកាស ២៤៤,៥៥៩នាក់នោះ មានភ្ញៀវទេសចរ​អន្តរជាតិ​មកតាមព្រលាន​​យន្ដហោះ​អន្តរជាតិភ្នំពេញចំនួន​១០៤,៨៦០នាក់ មានការកើនឡើង​១១.១% និងតាមព្រលានយន្ដហោះខេត្តសៀមរាបចំនួន១៣៩៦៩៩នាក់ កើនឡើង៣.៥%។

ចំណែកភ្ញៀវទេសចរអន្ដរជាតិ ដែលចូលមកប្រទេសកម្ពុជា តាមផ្លូវគោកវិញ មានចំនួនសរុប ១៦១,៣៩៧នាក់ មានការថយចុះ៦.២% បើធៀបនឹងខែមីនា ឆ្នាំ២០១៥ ខណៈដែលមកតាមផ្លូវ​ទឹកចំនួន​២១,៩៦៧នាក់ មានការកើនឡើង៤១.១% បើធៀបនឹងខែមីនាឆ្នាំ២០១៥។

សូមបញ្ជាក់ថា នៅអំឡុងខែមីនា ឆ្នាំ២០១៦នេះ ភ្ញៀវទេសចរអន្តរជាតិបានចូលមកកម្ពុជាចំនួន៤២៧៩២៣ ដែលកើនឡើង ២.៦% បើធៀបនឹងខែមីនា ឆ្នាំមុនផងដែរ៕