(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ នាទីស្នាក់ការកាកបាទក្រហមកម្ពុជា បានរៀបចំកម្មវិធីប្រគល់ថវិកា១លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រោមអធិបតីភាពសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីឲ្យមន្ទីរពេទ្យនេះ មានលទ្ធភាពជួយព្យាបាល និងថែទាំជំងឺដល់កុមារកម្ពុជាបន្តទៀត។

ពិធីប្រគល់នេះ មានការចូលរួមពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និង លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិករបស់មន្ទីរពេទ្យគុន្ធបុប្ផា និងថ្នាក់ដឹកនាំកាកបាទក្រហម ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន បានថ្លែងថា ថវិកាចំនួន ១ លានដុល្លារ ដែលកាកបាទក្រហមកម្ពុជា ផ្តល់ជូនសម្រាប់ជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា នាពេលនេះ គឺជាថវិកា បានមកពីការប្រារព្ធទិវាពិភពលោកអឌ្ឍចន្ទក្រហមកាកបាទក្រហម ៨ឧសភា ដែលមានការចូលរួមបរិច្ចាកពីសប្បុរសជនក្នុង និងក្រៅប្រទេសកាលពីកន្លងទៅថ្មីៗនេះ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតថ្លែងបន្ដថា «យើងខ្ញុំសូមកោតសរសើរដល់មន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសដល់ថ្នាក់ដឹកនាំផ្ទាល់តែម្ដង ដែលបានបង្កើត មន្ទីរពេទ្យនេះឡើងមក ដើម្បីជួយដល់កុមារគ្រប់ទីកន្លែងនៅកម្ពុជាទាំងអស់ ដែលបានជួយសម្រាលដល់រាជរដ្ឋាភិបាលផងដែរ ហើយមន្ទីរពេទ្យ គន្ធបុប្ផាសព្វថ្ងៃនេះ ត្រូវបានប្រជាជនភាគច្រើន បានហៅថា មន្ទីរពេទ្យព្រះអាទិ៍ទិទេព ដែលបានជួយជីវិតរបស់កុមារគ្រប់ទីកន្លែង ហើយក៏បានជួយដល់វិស័យសុខាភិបាលមួយផ្នែកធំផងដែរ»

លោក បានថ្លែងថា «ថវិកា ១លានដុល្លារ ដែលកាកបាទក្រហមកម្ពុជា ប្រគល់ឲ្យមន្ទីរពេទ្យគន្ធបុប្ផាថ្ងៃនេះ គឺជាលើកទី៥ហើយ ដែលបានដើរតួនាទីយ៉ាងសារៈសំខាន់ណាស់ ក្នុងការជួយគាំពារ និងគាំទ្រដល់ការជួយព្យាបាល និងថែទាំកុមារកម្ពុជា ដែលមកទទួលយកសេវាព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផានេះ»

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៥ មន្ទីរពេទ្យបានចំណាយថវិកាចំនួនជាង ៦៥០លានដុល្លារ សម្រាប់បម្រើការព្យាបាលជូនដល់កុមារកម្ពុជា៕