(ភ្នំពេញ)៖ តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ២រូបគឺ លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា បានអវត្តមានក្នុងការចូលបំភ្លឺនៅចំពោះមុខតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ តាមការកំណត់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ។

តំណាងរាស្រ្តទាំង២រូបនេះត្រូវបាន លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលបំភ្លឺនៅថ្ងៃចន្ទនេះ ពាក់ព័ន្ធនឹងបទពេស្យាចារ នៅក្នុងសំណុំរឿងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលអះអាងថានាងមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ លោក កឹម សុខា ក្នុងនោះ លោក តុ វ៉ាន់ចាន់ ត្រូវបានតុលាការកោះហៅ ឱ្យចូលបំភ្លឺនៅម៉ោង៩៖០០ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ ហើយលោក ពិន រតនា ក៏ត្រូវបានតុលាការកោះហៅ ឱ្យចូលបំភ្លឺនៅម៉ោង ៤៖៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នេះដែរ។

លោក លី សុផាណា អ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា តុលាការការនឹងបន្តនីតិវិធីរបស់ខ្លួនថែមទៀត សម្រាប់ការមិនចូលខ្លួនឆ្លើយបំភ្លឺរបស់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។ លោកបានឆ្លើយតាមសារអេឡិចត្រូនិចថា «ព្រះរាជអាជ្ញារងដែលចាត់ការលើសំណុំរឿងនេះកំពុងពិនិត្យ លើឯកសារនិងនិតិវិធីដើម្បីធ្វើចំណាត់ការជាបន្ត»។

លោក សុខ ឥសាន តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា បើសិនជាតំណាងរាស្រ្តទាំងនោះ នៅតែមិនចូលខ្លួនតាមការកោះហៅទេ ពួកគាត់នឹងមានបទល្មើសផ្សេងទៀត ដោយសារតែប្រឆាំងនឹងដីការបស់តុលាការ។ លោកថា បទល្មើសថ្មីនេះ គឺជាទំនងជាបទល្មើសជាក់ស្តែង។ លោក សុខ ឥសាន បានបន្ថែមថា ច្បាប់បានចែងថា មិនឱ្យមានការចោទប្រកាន់ ការឃុំខ្លួន ការចាប់ខ្លួន តំណាងរាស្រ្ត (ក្នុងករណីបទល្មើសមិនជាក់ស្តែង) ប៉ុន្តែច្បាប់ពុំបានហាមមិនឱ្យមានការកោះហៅ តំណាងរាស្រ្តនោះទេ។

កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីមានការកោះហៅ លោក កឹម សុខា រួមទាំងតំណាងរាស្រ្ត CNRP ២រូបនោះ គណបក្សសង្រ្គោះជាតិ បានថ្លែងការណ៍ប្រកាសប្រាប់ពីជំហររបស់ខ្លួនថា តំណាងរាស្រ្ត CNRP ដោយក្នុងនោះមានទាំង លោក កឹម សុខា ផងនឹងមិនចូលខ្លួនតាមការកោះហៅ របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញនោះទេ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ កាលពីសប្តាហ៍មុន បានប្រាប់ Fresh News ថា គណបក្សសង្រ្គោះជាតិនៅតែរក្សាជំហរនេះដដែល។

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងជាសមាជិករដ្ឋសភា ក៏បានអវត្តមាន នៅក្នុងការបំភ្លឺជូនតុលាការ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅផងដែរ ពាក់ព័ន្ធនឹងបណ្តឹងកញ្ញា ធី សុវណ្ណថា ដែលចោទប្រធានស្តីទីបក្សប្រឆាំងរូបនេះ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ហើយប្តឹងទាមទារសំណង១លានដុល្លារ៕