(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាការកំណត់ បែងចែកភារកិច្ច ដើម្បីត្រៀមរៀបចំ ពិធីដង្ហែរព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ ពីព្រះបរមរាជវាំង ទៅប្រតិស្ថាន នៅភ្នំព្រះរាជទ្រព្យ (អដ្ឋរស្ស ឧដ្តង្គ ) តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ។

លោក សេង សុមុន្នី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់ឱ្យដឹងថា កិច្ចប្រជុំថ្ងៃនេះ ដឹកនាំដោយលោក ផ្លោក ផន តំណាងឱ្យលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម  រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានិងមានការអញ្ជើញចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុងក្រសួងសរុបប្រមាណ៧៥រូប ដោយធ្វើឡើងក្នុងសាលប្រជុំក្រសួងធម្មការ។

សូមបញ្ជាក់ថា ក្រសួងធម្មការ និងសាសនា ក៏ដូចជាក្រសួងពាក់ព័ន្ធ បានបើកកិច្ចប្រជុំចំនួន៣លើកហើយ ដើម្បីរៀបចំការដង្ហែ ព្រះបរមសារីរឹកធាតុ ព្រះសម្មាសមពុទ្ធនេះ។ ចំណែកពិធីដង្ហែព្រះបរមសារីរឹកធាតុនេះទៀតសោត នឹងត្រូវបានដឹកនាំដោយសម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ខាងមុខ៕