(ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅ ភូមិរការកណ្ដាល២ជាច្រើនគ្រួសារ កំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះទីតាំងអាជីវកម្មបូមខ្សាច់ បណ្ដាលឱ្យបាក់ច្រាំងទន្លេ នៅពេលខាងមុខ ហើយពួកគាត់បារម្ភខ្លាចបាក់ដី និងប៉ះពាល់ដល់ភូមិដែលមានលំនៅឋានរស់នៅ តាមដងទន្លេ ទីតាំងបូមខ្សាច់នេះ ស្ថិតនៅភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។ ប្រជាពលរដ្ឋមូលដ្ឋាន បានឱ្យដឹងថា អាជីវកម្មបូមខ្សាច់នោះមានម្ចាស់ ឈ្មោះ មៀច ម៉ុចរស់ មានលំនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ អាជីវកម្មបូមខ្សាច់នេះ ធ្វើឡើងជាយូរមកហើយ ដោយបូមខ្សាច់គៀក និងច្រាំងទន្លេតែម្ដង។

ប្រជាពលរដ្ឋបានបន្ដថា កាបូមគៀក និងច្រាំងទន្លេបែបនេះអាចបណ្ដាលឱ្យ បាក់ច្រាំងទន្លេ ជាងនេះទៅទៀតអាជីកម្មបូមខ្សាច់នេះ ធ្វើឡើងខុស​ពីទីតាំងដែលអាជ្ញាធរបានកំណត់ឱ្យបូម ចំណែកទីតាំងដែលអាជ្ញាធរដែលនោះគឺ នៅកន្ទុយកោះទ្រុង។ មន្រ្តីមន្ទីររ៉ែ និងថាមពល ខេត្តក្រចេះ ធ្លាប់បានប្រាប់ភ្នាក់ងារ Fresh Newsថា អាជីវកម្មបូមខ្សាច់របស់ លោក មៀច ម៉ុច នេះពិតជាមានច្បាប់អនុញ្ញាត ឲ្យបូមត្រឹមត្រូវមែនតែ បើធ្វើការបូមខុសទីតាំងនោះ គឺខុសបច្ចេកទេសដែលច្បាប់អនុញ្ញាតិហើយ។

ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរក៏ដូចជា មន្ទីរជំនាញមេត្តាចុះមកត្រួតពិនិត្យមើលទីតាំងបូមខ្សាច់នេះផងថា ខុសបច្ចេកទេសបែបណានោះអាស្រ័យលើមន្ទីរជំនាញជាអ្នកវិនិច្ឆ័យ ពីព្រោះរហូតមដល់ពេលនេះ​ ហើយនៅតែគ្មានវិធានការសោះឡើយ។

ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ការធ្វើអាជីវកម្មបូមខ្សាច់របស់លោក មៀច ម៉ុច ដែលកំពុងធ្វើសកម្មភាព ជារៀងរាលថ្ងៃ គឺមិនត្រឹមតែបង្កឲ្យមានកាបាក់ច្រាំងទន្លេប៉ុណ្ណោះទេ ប៉ុន្តែនៅពេលដែលធ្វើការដឹកជញ្ជូនចេញពីការដ្ឋានម្តងៗ ដើម្បីយកទៅចែកចាយឲ្យម៉ូយ មិនដែលគ្របឬបិទបាំងឲ្យបានត្រឹមត្រូវ តាមលក្ខណះបច្ចេកទេស នៃការដឹកជញ្ជួនរបស់យានយន្តនោះទេ ដែលជាហេតុបណ្ដាលឲ្យខ្សាច់ជ្រុះធ្លាក់ហុយ ប៉ះពាល់ដល់ពលរដ្ឋធ្វើដំណើរតាមផ្លូវ។

ពាក់ព័ន្ធ និងបញ្ហាខាងលើលោក យិន វណ្ណះ អភិបាលក្រុងក្រចេះ បានឲ្យភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះថា លោកធ្លាប់បានហៅម្ចាស់អាជីវកម្ម មកណែនាំឲ្យដឹកជញ្ជូនគ្រួសខ្សាច់ឲ្យ មានការបិទបាំងត្រឹមត្រូវ បើមិនដូចឆ្នោះទេ លោកឲ្យកម្លាំងចាប់មកផាកពិន័យ។

លោកក៏ធ្លាប់ឃើញគ្រួសធ្លាក់នៅចំណុចរង្វង់មូលព្រាបសដែរ ប៉ុន្តែលោកមិនដឹងថា ជារបស់ម្ចាស់អាជីវកម្មមួយណាព្រោះលោកមិនឃើញឡាន ផ្ទាល់ឃើញតែគ្រោះធ្លាក់។ លោកបន្តថា បើលោកតាមទាន់លោក នឹងចាប់ផាកពិន័យ ឬកមានប្រជាពលរដ្ឋណាបានឃើញ រថយន្ដដឹកគ្រួសខ្សាច់ មិនបិទបាំងត្រឹមត្រូវរាយការណ៍ ជូនគាត់ ពេលនោះគាត់ចាត់កម្លាំងចុះទប់ស្កាត់ជាបន្ទាន់៕