(ពោធិ៍សាត់)៖ លោក ជាវ តាយ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ បានប្រាប់ទៅកាន់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវរួមគ្នាប្រៀបដូចចង្កឹះមួយបាច់ ដើម្បីយកឈ្នះការបោះឆ្នោត ប្តូរនឹងការអភិវឌ្ឍ ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន។

ការលើកឡើងបែបនេះរបស់លោក ជាវ តាយ ធ្វើឡើងក្នុងឱកាស អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់សមាជិក សមាជិកា ក្រុមបក្ស ក្នុងសង្កាត់ព្រៃញី ប្រមាណជិត៦០០នាក់។ ក្នុងនោះក៏មានការចូលរួមពី លោក ម៉ក់ រ៉ា អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត គណ:ទាំង៥ នៃគណបក្សខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ក្រុមការងារចុះជួយសង្កាត់ និងបេក្ខជនពេញសិទ្ធិ ក្រុមប្រឹក្សាសង្កាត់ជាច្រើននាក់ទៀត។

បន្ទាប់ពីលោក សំរិទ្ធ អេង ប្រធានគណបក្សក្រុងពោធិ៍សាត់ បានលើកឡើងអំពីសមិទ្ធផល ដែលគណបក្សខិតខំធ្វើកន្លងមក និងការប្ដេជ្ញាចិត្តរបស់លោកស្រី ដែលជាបេក្ខជនឈរឈ្មោះចៅសង្កាត់ព្រៃញីនោះរួចមក, លោក ជាវ តាយ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ គិតគូរអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងបានលះបង់អាយុជីវិត ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា។

លោកបន្តថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច បានធ្វើឲ្យសង្គមជាតិទាំងមូលមានរីកចម្រើនលើគ្រប់វិស័យ ហើយថ្មីៗនេះលើឆាកអន្តរជាតិ ដោយមានការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក សម្ដេចក៏បានអញ្ជើញចូលរួម ក្នុងនាមជាប្រធានអាស៊ាន ដែលជាលទ្ធផលធ្វើឲ្យប្រទេសនៅទូទាំងពិភពលោក ទទួលស្គាល់អ្វីជាជ័យជំនះរបស់អាស៊ាន។ លោកបានបន្ថែមថា សម្ដេចមានការប្រឹងប្រែងណាស់ មិនគិតពីការនឿយហត់ មិនគិតពីការលំបាកគ្រប់យ៉ាង ដើម្បីបងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិនាពេលអនាគត។

លោក ជាវ តាយ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់សង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ បើសង្កាត់ណាមួយទទួលបានលទ្ធផល នៃការបោះឆ្នោតខ្ពស់ជាងគេ រដ្ឋបាលខេត្តនឹងទៅអភិវឌ្ឍន៍សង្កាត់នោះមុនគេ ជាបន្តនឹងទៅតាមលេខរៀងដែលមាន។ ត្រង់ចំណុចនេះ លោកចង់លើកទឹកចិត្តប្រជាពលរដ្ឋ រួមគ្នាជាចង្កឹះមួយបាច់ ដើម្បីយកជ័យជម្នះពីការបោះឆ្នោត ទៅប្តូរនឹងការអភិវឌ្ឍ ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន ព្រោះថាយើងបានដាក់គោលដៅហើយ គឺសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាមួយរូប គឺសន្លឹកឆ្នោតមួយសន្លឹក។

ឆ្លៀតក្នុងឱកាសនោះលោក ជាវ តាយ ក៏បានចែកជូនវត្ថុកំដរដៃ ដល់សមាជិក សមាជិកា ក្រុមបក្សដែលបានចូលរួមប្រមាណជិត៦០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេស និងត្រីខ១យួរផងដែរ៕