(ហាណូយ)៖ ក្នុងជំនួបពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងឧត្តមមន្ត្រីទេសចរណ៍កម្ពុជា និងវៀតណាម ក្រៅពីពិភាក្សាអំពីការសម្រួលឱ្យមានការធ្វើដំណើរឡើងវិញទាំងស្រុង ភាគីទាំងពីរក៏បានឯកភាពគ្នា រៀបចំ និងអនុវត្តតាមផែនការមិនតិចជិត១០ចំណុចឡើយ ដើម្បីទាក់ទាញ និងជំរុញចលនាទេសចរនៃប្រទេសទាំងពីរ ក៏ដូចជាទេសចរមកពីប្រទេសដទៃទៀត។

គួរជម្រាបថា កិច្ចពិភាក្សានេះធ្វើឡើងនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោយមានការណែនាំរបស់រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរ។ ភាគីកម្ពុជាតំណាងដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំក្រុមការងារពិសេសជួបប្រជុំពិភាក្សាជាមួយភាគីវៀតណាមតំណាងដោយលោក ជិន ហ្វ៊ូគឿង (TRAN Phu Cuong) អគ្គនាយកសហប្រតិបត្តការអន្តរជាតិនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាននៃក្រសួងទេសចរណ៍ បានបញ្ជាក់រួចមកហើយអំពីការពិភាក្សាដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាជន ប្រទេសទាំងពីរ ស្របតាមលក្ខខណ្ឌតម្រូវនៃប្រទេសនីមួយៗ។

បន្ថែមលើសពីនេះ កិច្ចប្រជុំបានវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តការកិច្ចសហប្រតិបត្តិការទេសចរណ៍នៃប្រទេសទាំងពីរនាពេលកន្លងមក ដើម្បីបានជាមូលដ្ឋានក្នុងការបង្កើនកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត សំដៅសម្រួលឱ្យមានការធ្វើដំណើរឡើងវិញទាំងស្រុងរវាងប្រទេសទាំងពីរ ក្នុងបរិបទនៃការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ស្របតាមវិធានសុខាភិបាល និងស្មារតីនៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ហ្វាម មិញឈីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលបានព្រមព្រៀងគ្នាក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នាឡើងវិញទាំងស្រុង បន្ទាប់ពីការផ្អាកដោយសារការរាតត្បាតជំងឺកូវីដ-១៩ ខណៈកម្ពុជាក៏បានសម្រួលលក្ខខណ្ឌធ្វើដំណើរមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេស។

លោក ទ្រី ឈីវ បានបន្តថា កិច្ចប្រជុំក៏បានវាយតម្លៃខ្ពស់លើសមិទ្ធផលនៃកិច្ចសហការកន្លងមក ក្នុងក្របខណ្ឌផែនការការងារដែលបានដាក់ចុះដោយក្រុមការងារទេសចរណ៍នៃប្រទេសទាំងពីរ កាលពីកិច្ចប្រជុំតាមអនឡាញនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តកែប ព្រមទាំងបានប្តេជ្ញាបង្កើននូវសកម្មភាពការងារថ្មីៗទៀត ដើម្បីបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នាឡើងវិញទាំងស្រុង ក្នុងនោះរួមមាន៖

*ទី១៖ ភាគីទាំងពីរបានឯកភាពគ្នារៀបចំឱ្យមានជំនួបរវាងភាគីឯកជននៃប្រទេសទាំងពីរ តាមរយៈការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (Farm Trip) និងការចូលរួមពិព័រណ៍ទេសចរណ៍នានា ដែលស្របតាមផែនការសកម្មភាពនៃផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ រួមមាន៖

* ព្រឹត្តិការណ៍ទេសចរណ៍នៅហួយអាន ប្រទេសវៀតណាម នៅឆ្នាំ២០២២
* ពិព័រណ៍ទេសចរណ៍អន្តរជាតិក្រុងហូជីមិញ ឆ្នាំ២០២២ (ITE HCMC 2022)
* ការតាំងពិព័រណ៍ធ្វើដំណើរពិភពលោកក្រុងឡុងដ៍ ឆ្នាំ២០២២ (World Travel Mart London 2022)
* ការតាំងពិព័រណ៍ទេសចរណ៍នៃសមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុននៅប្រទេសជប៉ុន (JATA Tourism Expo Japan 2022)
* ការតាំងពិព័រណ៍អន្តរជាតិនៅទីក្រុងប៊ែរឡាំង ឆ្នាំ២០២២ (ITB Berlin 2023)។

*ទី២៖ ភាគីទាំងពីរបានឯកភាពគ្នាពន្លឿនការរៀបចំឱ្យមានទេសចរបើកបរដោយខ្លួនឯង (Self-Drive Tour) តាមរយៈការជំរុញឱ្យមានការទទួលស្គាល់ប័ណ្ណបើកបររវាងប្រទេសទាំងពីរ។

*ទី៣៖ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនសម្មភាពផ្សព្វផ្សាយរួមគ្នា ក្រោមយុទ្ធនាការ «ប្រទេសពីរ គោលដៅទេសចរណ៍មួយ» ក្នុងនោះភាគីវៀតណាមក៏បានស្នើឱ្យកម្ពុជាសហការជាមួយការិយាល័យតំណាងទេសចរណ៍វៀតណាមនៅក្នុងប្រទេសនានា ដើម្បីជំរុញការផ្សព្វផ្សាយរួមគ្នា សំដៅទាក់ទាញទេសចរពីប្រទេសទីបីមកទស្សនាកម្សាន្តនៅកម្ពុជានិងវៀតណាម ស្របតាមយុទ្ធនាការផ្សព្វផ្សាយ «ប្រទេសពីរ គោលដៅទេសចរណ៍តែមួយ»

*ទី៤៖ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍ផ្សារភ្ជាប់នឹងការប្រារពខួបចំណងមិត្តភាពកម្ពុជា-វៀតណាម លើកទី៥៥ ក្នុងឆ្នាំ២០២២ ក្នុងនោះភាគីវៀតណាមក៏នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ក្នុងពិធីប្រារព្ធខួបចំណងមិត្តភាពកម្ពុជា-វៀតណាម លើកទី៥៥ខាងលើ នៅរាជធានីភ្នំពេញផងដែរ។

*ទី៥៖ ភាគីវៀតណាមបានគាំទ្រកម្ពុជាឱ្យមានអនុព័ន្ធទេសចរណ៍អមស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ដើម្បីសម្រួលទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទៅវិញទៅមក។

*ទី៦៖ កម្ពុជា-វៀតណាមបានឯកភាពគ្នាជំរុញឲ្យមានការហោះហើរត្រង់បន្ថែមទៀតមកកាន់ព្រលានយន្តហោះអន្តរជាតិទាំងអស់នៃប្រទេសទាំងពីរ ដើម្បីទស្សនាគោលដៅទេសចរណ៍សុវត្ថិភាពកម្ពុជា-វៀតណាម។

*ទី៧៖ ភាគីវៀតណាមក៏បានគាំទ្រដល់ការជំរុញឱ្យមានទេសចរតាមផ្លូវទឹកជាមួយភាគីកម្ពុជា ជាពិសេសតាមចំណតកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត ដែលនឹងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២។

*ទី៨៖ ភាគីទាំងពីរបានឯកភាពគ្នារៀបចំឱ្យមានជំនួបពិសេសរវាងរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរនាពេលដ៏ឆាប់ខាងមុខ ដោយមានការចូលរួមពីតំណាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីអនុម័តលើផែនការខាងលើ ក៏ដូចជាផ្តល់នូវគោលការណ៍ណែនាំផ្សេងៗទៀត។

លោកប្រធាននាយកដ្ឋាន ទ្រី ឈីវ បានបន្តទៀតថា នៅមានផែនការមួយចំនួនទៀតដែលភាគីកម្ពុជា-វៀតណាមបានពិភាក្សាជាមួយគ្នា និងឯកភាពអនុវត្តជាបន្តបន្ទាប់ សំដៅជំរុញចលនាភ្ញៀវទេសចរនៃប្រទេសទាំងពីរឡើងវិញ ក៏ដូចជាប្រទេសផ្សេងទៀតផងដែរ។

បើតាមប្រធាន ទ្រី ឈីវ ឧត្តមមន្ត្រីទេសសចរណ៍នៃប្រទេសទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តអនុវត្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្នាថែមទៀត ដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើវិស័យទេសចរណ៍ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព៕