(ភ្នំពេញ)៖ លោក នរិន្ត្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានថ្លែងអំណរគុណប្រទេសកម្ពុជា ដែលបានគាំទ្របេក្ខភាពឥណ្ឌា ក្នុងការក្លាយខ្លួនជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងក្របខណ្ឌកំណែទម្រង់ថ្មី។

ការថ្លែងអំណរគុណនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ ហ៊ុន សែន និង លោក នរិន្ត្រា ម៉ូឌី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី បានលើកឡើងថា ឥណ្ឌា ក៏មានបេក្ខភាពក្នុងក្របខណ្ឌអន្តរជាតិជាពិសេស ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ហើយជាពិសេសគឺអរគុណកម្ពុជា ដែលគាំទ្រដល់បេក្ខភាពរបស់ប្រទេសឥណ្ឌា ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងក្របខ័ណ្ឌកំណែទម្រង់ថ្មី។

កំណែទម្រង់អង្គការសហប្រជាជាតិ ត្រូវបានពិភាក្សា និងជំរុញយ៉ាងខ្លាំងដោយ មហាអំណាចថ្មីចំនួន៤ ក្នុងនោះក៏មានឥណ្ឌាផងដែរ ដែលមានបំណងទាមទារចង់ក្លាយទៅជា សមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្ទាប់ពីបានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ នៃស្ថាប័នអន្តរជាតិកំពូលចំនួន៨លើក ស្មើនឹងរយៈពេល១៦ឆ្នាំកន្លងមក និងកំពុងបន្តជាសមាជិកមិនអចិន្រ្តៃយ៍នេះ សម្រាប់អាណត្តិ ឆ្នាំ២០២១ និងឆ្នាំ២០២២។ ក្នុងការសម្រេចគោលដៅនេះ ឥណ្ឌាត្រូវខិតខំស្វះស្វែងរកការគាំទ្រពីប្រទេសនានា បន្ថែមលើការពង្រីកឥទ្ធិពលនៅលើឆាកអន្តរជាតិ។

នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ លោកនាយករដ្ឋមន្រ្តី ក៏បានបង្ហាញភក្តីភាពចំពោះកម្ពុជា ដោយគាំទ្រនៃតួនាទីជាប្រធានអាស៊ានផង គាំទ្រមជ្ឈភាពអាស៊ានផង និងគាំទ្រការឯកភាពផ្ទៃក្នុងរបស់អាស៊ានផង ក្នុងការដើរតួនាទីសំខាន់ ជាពិសេសទៀត លោកបានគូសបញ្ជាក់ដែរថា លោកបានព្យាយាមចូលរួមចំណែកក្នុងការសន្ទនារកដំណោះស្រាយរវាងអ៊ុយក្រែន និងរុស្ស៉ីផងដែរ៕