(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង, ជប៉ុន និងសហរដ្ឋអាមេរិក បានប្រកាសថានឹងរួមគ្នាធ្វើ សមយុទ្ធយោធានៅខែមិថុនា ខាងមុខនេះ ដោយប្រើប្រាស់នាវាប្រឆាំងគ្រាប់មីស៊ីលជាគោល ដើម្បីការពារការវាយប្រហារណាមួយដោយអាវុធនុយក្លេអ៊ែរ ពីសំណាក់កូរ៉េខាងជើង។ នេះបើតាម ការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០១៦។

សមយុទ្ធខាងលើនេះ នឹងមិនធ្វើនៅតំបន់ដែនទឹកក្បែរឧបទ្វីបកូរ៉េនោះឡើយ ដោយប្រទេសទាំងបី គ្រោងធ្វើឡើងនៅដែនទឹកក្បែរកោះហាវ៉ៃ របស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះតទៅ។ សមយុទ្ធនឹង មានការហ្វឹកហាត់ពីជំនាញប្រើប្រាស់គ្រាប់មីស៊ីល ប្រឆាំងនឹង អាវុធនានារួមទាំងនុយក្លេអ៊ែរផងដែរ ដែលអាចនឹងបាញ់ចេញពីកូរ៉េខាងជើង។

គួរបញ្ជាក់ថាសមយុទ្ធខាងលើនេះ គឺបានគ្រោងរៀបចំតំាងពីប៉ុន្មានខែមុនមកម្ល៉េះ ដោយសារតែ កាលពីខែកុម្ភៈ នោះប្រទេសកូរ៉ខាងជើង បានធ្វើការសាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដោយរំលោភទៅនឹងដំណោះស្រាយអន្តរជាតិ នាំឲ្យបណ្តាប្រទេសនានាក្នុងតំបន់ ជាពិសេស កូរ៉េខាងត្បូង និងជប៉ុន មានការព្រួយបារម្ភខ្លាំងចំពោះសន្តិសុខជាតិ៕