(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ក្នុងនាមជាប្រធានសម្រាប់ឆ្នាំ២០២២ កម្ពុជាមានឆន្ទៈក្នុងការប្រើប្រាស់តួនាទី និងឯកសិទ្ធិជាប្រធាននេះ ដើម្បីលើកកម្ពស់ការដោះស្រាយបញ្ហាក្នុងតំបន់នានា ដោយសន្តិវិធីតាមផ្លូវការទូត ផ្លូវច្បាប់កិច្ចសហប្រតិបត្តិការ ការយោគយល់គ្នាទៅវិញទៅមក និងគោរពផលប្រយោជន៍រួម ដោយអនុលោមតាមមូលបទនៃ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។

ការបង្ហាញពីឆន្ទៈបែបនេះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យប្រតិភូឧត្តមមន្ត្រីការពារជាតិអាស៊ានបូក (ADSOM-Plus) ចូលជួបសម្តែងការគួរសម មុនបើកកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ នាទីស្តីការក្រសួងការពារជាតិ។

ក្នុងជំនួបនេះដែរ សម្តេចរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់បន្ថែមថា កម្ពុជាចង់ឃើញភាពរឹងមាំនៃឯកភាព និងមជ្ឈភាពអាស៊ាន ដែលជាធាតុស្នូលសម្រាប់ការធានាបាន នូវការរួមរស់ដោយសុខសន្តិភាពសុខដុមរមនា និងវិបុលភាពក្នុងតំបន់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា កម្ពុជា និងរដ្ឋជាសមាជិកអាស៊ានផ្សេងទៀត បានផ្តួចផ្តើមទស្សនាទានមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែស៊ីជម្រៅ សម្រាប់ជាប្រយោជន៍ដល់បណ្តាប្រទេស ដែលចូលរួមទាំងអស់ទៅតាមបរិបទសន្តិសុខតំបន់នាពេលបច្ចុប្បន្ន និងកំពុងលេចឡើងថ្មីៗ។ ក្នុងនោះ ក្រៅពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមជំងឺរាតត្បាតឆ្លងព្រំដែន កម្ពុជាក៏មានគោលដៅជំរុញការពង្រីកតួនាទីរបស់ស្ត្រីអាស៊ាន ក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ការចែករំលែកបទពិសោធន៍ និងគុណតម្លៃនៃប្រវត្តិសាស្រ្តយោធាក្នុងការកសាង និងពង្រឹងសន្តិភាព ក៏ដូចជាការលើកកម្ពស់តួនាទីនៃស្ថាប័នការពារជាតិ ដើម្បីគាំទ្រដល់ការស្តារឡើងវិញក្រោយជំងឺកូវីដ១៩។

«ដូចដែលបានរាយការណ៍ដោយប្រធាន ADSOM និង ADSOM-បូក គំនិតផ្តួចផ្តើមថ្មីៗរបស់ ADMM ទាំងអស់សម្រាប់ឆ្នាំ២០២២ ត្រូវបានទទួលការគាំទ្រយ៉ាងពេញលេញ។ ខ្ញុំសូមឆ្លៀតក្នុងឱកាសនេះដើម្បីសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការរួមចំណែកយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកទាំងអស់ ក្នុងការឯកភាពលើឯកសារទាំងនេះ ដើម្បីឱ្យប្រធាន ADSOM អាចដាក់ឯកសារនេះ ដើម្បីអនុម័តនៅក្នុងកិច្ចប្រជុំ ADMM នាពេលខាងមុខ»។ នេះជាការលើកឡើងបន្ថែមរបស់ សម្តេចពិជ័យសេនា ទៀ បាញ់។

ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា បានឱ្យដឹងថា បញ្ហាចម្បងគឺពាក់ព័ន្ធនឹងការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃ ADMM និង ADMM-Plus ដែលជាសក្ខីកម្មយ៉ាងសំខាន់តំណាងឱ្យឯកភាពមជ្ឈភាពរបស់អាស៊ាន និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាន និងដៃគូសន្ទនា។ តាមទស្សនៈរបស់សម្តេច ការខកខាននៅក្នុងការចុះហត្ថលេខារួមគ្នា លើសេចក្តីថ្លែងការណ៍រួម អាចជាបច្ច័យដែលយើងមិនចង់បាន និងអាចក្លាយជាទម្លាប់ឬជាប្រពៃណី តទៅថ្ងៃអនាគត។ ក្នុងឋានៈជាម្ចាស់ផ្ទះ កម្ពុជាបានស្នើសុំការយោគយល់ពីសំណាក់ភាគីពាក់ព័ន្ធ និងបានខិតខំប្រើប្រាស់វិធីផ្សេង ដែលអាចទទួលយកបានទាំងអស់គ្នា ក្នុងការដោះស្រាយបញ្ហាដ៏សំខាន់នេះដើម្បីផលប្រយោជន៍របស់អាស៊ាន និងជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក្នុងខែមិថុនា និងខែវិច្ឆិកាខាងមុខ។

បើតាមសម្តេចពិជ័យសេនា, «សម្រាប់ឆ្នាំ២០២២នេះ កម្ពុជាបានទទួលសំណើពីប្រទេសបូកចំនួន៧ ស្នើជួបប្រជុំក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន។ សេចក្តីប្រាថ្នារបស់កម្ពុជា គឺពេញចិត្តនឹងទទួលរៀបចំតាមសំណើរបស់ប្រទេសទាំងនោះ ដោយហេតុថាវាជាឱកាសមួយដ៏ប្រពៃសម្រាប់ការពិភាក្សាផ្លាស់ប្តូរទស្សនលើបញ្ហាសន្តិសុខសំខាន់ៗ ថ្មីៗ ដែលកំពុងកើតឡើងនៅក្នុងតំបន់ និងជុំវិញពិភពលោក។ តែទោះជាយ៉ាងនេះក្តី ការបត់បែននេះពិតជាមិនអាចធ្វើទៅបាន ដោយហេតុថាយើងត្រូវតែគោរពទៅតាមគោលការណ៍ដែលបានកំណត់ ហើយអាស៊ានស្នើសុំការអាធ្យាស្រ័យពីសំណាក់ប្រទេសបូកមួយចំនួន ចំពោះការលំបាកនេះ»

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានគូសរំលេចថា ទោះបីជាយន្តការ ADMM និង ADMM-Plus មានការវិវត្តជាវិជ្ជមានគួរឱ្យកត់សម្គាល់នៅក្នុងការកសាងភាពជឿជាក់ និងទំនុកចិត្ត និងការលើកកម្ពស់សមត្ថភាពកងកម្លាំងការពារជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខនាយុគសម័យនេះក៏ដោយ ក៏យើងនៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើខណៈដែលតំបន់របស់យើងនៅតែប្រឈមមុខនឹងបញ្ហាប្រឈមកាន់តែច្រើនឡើង។ សម្តេចបន្តថា កម្ពុជានឹងប្រើប្រាស់ភាពជាប្រធានអាស៊ានរបស់ខ្លួន ក្នុងឆ្នាំ២០២២នេះ ដើម្បីបង្កើនឱកាសសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងដ៏ទូលំទូលាយ និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលកំពុងរារាំងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

«ជាការពិត សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះបានសម្រាប់ការពង្រឹងតំបន់មួយប្រកបដោយនិរន្តភាព និងវិបុលភាព។ បើគ្មានសន្តិភាពទេ យើងទាំងអស់គ្នាពិតជាមិនអាចជួបជុំគ្នានៅទីនេះបានទេ។ សន្តិភាព គឺពិតជាពិបាកណាស់ក្នុងការកសាង និងការពារ។ ដូចនេះ ការរក្សាសន្តិភាព និងស្ថិរភាពដែលមានរួចហើយ ត្រូវតែជាអាទិភាពចម្បងរបស់រដ្ឋាភិបាលនីមួយៗ។ សមិទ្ធផលរបស់ប្រទេសកម្ពុជារួមមាន៖ ការអភិវឌ្ឍ ភាពរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងបរិយាកាសប្រកបដោយសន្តិសុខ គឺជាលទ្ធផលប្រកបដោយផ្លែផ្កានៃសន្តិភាព»

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ប្រាប់ទៅប្រតិភូឧត្តមមន្ត្ត្រីការពារជាតិអាស៊ានបូកថា ដោយសារតែការទទួលស្គាល់ពីសារសំខាន់ នៃសន្តិភាពនេះហើយ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនរាប់ពាន់នាក់ ដើម្បីរួមចំណែកដល់បេសកកម្មរក្សាសន្តិភាពជាច្រើនរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ២០០៦មក។

កងទ័ពរបស់កម្ពុជាមួយចំនួនបានលះបង់ខ្ពស់បំផុតក្នុងអំឡុងពេលបំពេញបេសកកម្មការពារជនស៊ីវិលស្លូតត្រង់។ កម្ពុជាក៏គាំទ្រដល់ការអនុវត្តរបៀបវារៈស្តីពី ស្ត្រីសន្តិភាព និងសន្តិសុខ «WPS» ដែលនឹងជួយដល់ការបញ្ឈបយេនឌ័រ ប្រកបដោយអត្ថន័យនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនានា។ ការប្តេជ្ញាចិត្តបែបនេះ ត្រូវបានគូសបញ្ជាក់នៅក្នុងគំនិតផ្តួចផ្តើមថ្មីរបស់ ADMM ក្នុងឆ្នាំនេះស្តីពីការពង្រឹងយន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន។

សម្តេចពិជ័យសេនា មានសុទិដ្ឋិនិយមថា ការចាប់ផ្តើមឡើងវិញនៃអន្តរកម្មទល់មុខគ្នា ដូចជា កិច្ចប្រជុំ ADSOM និង ADSOM-Plus នេះ នឹងបង្កើនឱកាសកាន់តែច្រើនឡើង សម្រាប់ស្ថាប័នការពារជាតិរបស់យើងក្នុងការសម្រេចបាននូវលទ្ធផលដែលចង់បាន ប្រកបដោយផ្លែផ្កាបន្ថែមទៀត។ ក្នុងនាមជាប្រធាន ADMM នៅឆ្នាំ២០២២ កម្ពុជាប្ដេជ្ញាដឹកនាំ ADMM និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធានបទ «សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយសុខដុម» ដើម្បីទទួលបានភាពសុខដុមរមនា សន្តិភាព និងវិបុលភាពក្នុងតំបន់ទាំងមូល៕