(រុស្ស៊ី)៖ ភ្លើងឆេះព្រៃសរុប ៥០កន្លែង បានកើតឡើងនៅភាគខាងកើតប្រទេសរុស្ស៊ី នាអំឡុងរយៈ ពេល ២៤ម៉ោងមុននេះ ដែលបានបណ្តាលឲ្យព្រៃឈើរាប់សិបហិកតារងការបំផ្លិចបំផ្លាញទាំង ស្រុង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០១៦។

ក្នុងចំណោមភ្លើងឆេះព្រៃទាំង ៥០ទីតាំងក្បែរតំបន់ឧបទ្វីបកូរ៉េ និងព្រំដែនប្រទេសចិនភាគខាង កើតប្រទេសរុស្ស៊ីនោះ គឺ ១៧ទីតាំងត្រូវបានក្រុមពន្លត់អគ្គីភ័យពន្លត់បានសម្រេច ដោយឡែក ៣៣ទីតាំងទៀតនៅតែបន្តឆេះនៅឡើយរហូតមកទល់នឹងរសៀលថ្ងៃចន្ទនេះ។ រដ្ឋបាលក្នុងតំបន់ បានឲ្យដឹងទៀតថា «ប្រជាជនជាង ១,០០០នាក់ និងឧបករណ៍ពន្លត់ភ្លើង ១៦៩គ្រឿងត្រូវបាន ប្រើប្រាស់ដើម្បីពន្លត់ភ្លើងព្រៃដ៏កាចសាហាវខាងលើនេះ»។

គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ ២០១៦មកនេះភ្លើងឆេះព្រៃប្រមាណ ៦៩៩ករណីហើយបាន កើតឡើងនៅភាគខាងកើតប្រទេសរុស្ស៊ី ដោយបានបំផ្លិចបំផ្លាញព្រៃឈើអស់ ១៩៥ហិកតា ដែលចំនួននេះគឺច្រើនជាងបណ្តាឆ្នាំកន្លងទៅ។ ភ្លើងឆេះព្រៃកន្លងមកនេះបានបង្កឡើងដោយសារ តែអាកាសធាតុក្តៅ កើនឡើងខុសពីធម្មតា ហើយចំពោះមនុស្សស្លាប់ ឬរងរបួសវិញនៅមិនទាន់ មានសេចក្តីរាយការណ៍នោះឡើយ៕