(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានបង្ហោះសាររំលឹកពីបទពិសោធន៍របស់លោកក្នុងការចាប់ផ្តើមប្រឡូកក្នុងកិច្ចការងារមហាជន ក្នុងតួនាទីជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងការទទួលបានការយកចិត្តទុកដាក់ពីសំណាក់អ្នកតំណាងរាស្ត្រផ្សេងៗ ចំពោះរូបលោកផ្ទាល់។

លោកបានសសេររៀបរាប់ថា «វេលានៃការចាប់ផ្តើមការងារដំបូងរបស់ខ្ញុំ ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ លោកពូៗ ជាឥស្សរជន និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺគ្រប់រូប តែងបានធ្វើការណែនាំ ផ្តល់នូវដំបូន្មាន ផ្តល់ជំនឿទុកចិត្ត និងការគាំទ្រ សហការរួមគ្នាឥតងាករេក្នុងបេសកកម្ម បម្រើប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដោយមិនប្រកាន់នូវភាពវ័យក្មេងលើបទពិសោធន៍ក្នុងតួនាទីដឹកនាំ និងការងារមហាជនរបស់ខ្ញុំ»។

ជាមួយនឹងការលើកឡើងខាងលើ លោកក៏បានសម្តែងការថ្លែងអំណរគុណចំពោះឥស្សរជនជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺទាំង៥រូប ដោយបានបញ្ជាក់ថា អ្វីដែលលោកទទួលបានពីឥស្សរជនទាំងអស់ បានក្លាយជាចំណែកយ៉ាងសំខាន់ដែលឱ្យលោកផ្ទាល់អាចហាត់ពត់ សម្រួច និងពង្រឹងបន្ថែមនូវចរិតលក្ខណៈនៃភាពជាអ្នកដឹកនាំមួយរូប។

ទន្ទឹមនឹងបទពិសោធន៍ដែលទទួលបានជាបន្តបន្ទាប់ លោកបានសង្គត់ធ្ងន់ថា អាយុ ឬវ័យណាមួយមិនមែនជាកត្តាកំណត់ភាពជោគជ័យក្នុងការងារឡើយ ប៉ុន្តែការចេះគោរពគ្នា សហការគ្នា ផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក និងការចេះសម្របសម្រួលរួមគ្នាសម្រេចជាលទ្ធផល និងសមិទ្ធផលជាក់ស្តែង ទើបជាកត្តាកំណត់នូវភាពជោគជ័យពិតប្រាកដ៕