(កោះកុង)៖ លោក ប៊ុន លើត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកោះកុង តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកោះកុង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំសមាជិកសមាជិកាបក្សថ្នាក់ខេត្ត ចុះសំណេះសំណាលណែនាំសមាជិកបក្សប្រជាជនកម្ពុជាខេត្តកោះកុង មានចំនួន ៤៧៩នាក់។

លោក ប៊ុន លើត បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទោះបីស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពរងត្រូវសម្ពាធយ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ១៩ ការបង្កសកម្មភាព្រទុស្តសារ៉ាយឥតឈប់ឈរ ពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ព្រមទាំងការវិវត្តដ៏ស្មុគស្មាញនៃសកម្មភាពការអន្តរជាតិក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យស្ថានភាពទូទៅរបស់កម្ពុជានៅតែនិវត្តន៍ តាមទិសដៅវិជ្ជមាន ដែលបានផ្ដល់នូវភាពអនុគ្រោះ ដល់ដំណើរប្រព្រឹត្តទៅនៃជីវភាពសង្គមគ្រប់វិស័យការពារបានយ៉ាងមុតមាំនូវសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីសន្តិសុខជាតិ និងស្ថេរភាពនយោបាយ ជាមួយនឹងការរក្សាបាននូវព្រំដែនសន្តិភាព សហប្រតិបត្តការ និងអភិវឌ្ឍន៍។

លោកបន្តថា ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តបានឆ្លុះបញ្ចាំងច្បាស់ នូវភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ និងការចូលរួមរបស់កម្លាំងជាតិទាំងមូល ក្នុងការពុះពារជំនះរាល់ការលំបាកនានា ធ្វើឲ្យប្រទេសជាតិធានាបានសន្តិភាព ជៀសផុតពីមហន្តរាយសុខភាពសាធារណៈ និងមានការអភិវឌ្ឍសេដ្ឋកិច្ចទៅមុខជានិច្ច។

លោកបានបន្ថែមថា ប្រការខាងលើនេះបានបង្ហាញច្បាស់ថា សន្តិភាពនិងស្ថេរភាពនយោបាយ បានធ្វើជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការគ្រប់គ្រងសភាពការណ៍ទូទៅ បរិបទកូវីដឱ្យមានស្ថេរភាព។ លើមូលដ្ឋាននេះ ធ្វើឲ្យឧបាយកលទឹកចិត្តរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងបង្កអស្ថេរភាពនៅកម្ពុជា ត្រូវបានបរាជ័យទាំងស្រុង។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកោះកុង បានបន្តថា ភាពជោគជ័យរបស់រាជរដ្ឋាភិបាលឃើញថា ការគ្រប់គ្រងវិបត្តិកូវីដដែលបានទប់ស្កាត់មិនឲ្យប្រជាជនធ្លាក់ក្នុងជ្រោះមរណៈនៃជំងឺនេះឡើយ។ នេះគឺជាសមិទ្ធផលនៃប្រវត្តិសាស្ត្រថ្មីមួយទៀត របស់គណបក្សប្រជាជនកម្ពុជាដែលធ្វើឱ្យប្រៀបរបស់គណបក្សកាន់តែបានពង្រឹង និងពង្រីកខ្ពស់ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនីតិកាលទី ៧ ឆ្នាំ២០២៣។

លោកបន្ថែមថា ទន្ទឹមជាមួយគ្នានេះ រាជរដ្ឋាភិបាលបានខិតខំលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធសេរីភាព និងការអនុវត្តនីតិរដ្ឋបានបន្តយ៉ាងសកម្ម និងរស់រវើកទោះបីជាសង្គមជាតិត្រូវប្រឈមនឹងផលប៉ះពាល់ពីវិបត្តិកូវិដក្តី។ ដូច្នេះសមាជិកសមាជិកាបក្សត្រូវធ្វើការផ្សព្វផ្សាយនៅតាមមូលដ្ឋាន ឲ្យបានទូលំទូលាយនិងពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់កាន់តែច្បាស់នូវការរីកចម្រើន នៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលដែលមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យនានា និងធ្វើឲ្យសេដ្ឋកិច្ចប្រទេសជាតិសេដ្ឋកិច្ចគ្រួសារមានការរីកចម្រើននាពេលបច្ចុប្បន្ននេះ។

លោកបានណែនាំដល់សមាជិកគណបក្សទាំងអស់ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមអត្តសញ្ញាណប័ណ្ណខ្មែរ ឬលិខិតបញ្ជាក់មួយចំនួននៅពេលដែលទៅបោះឆ្នោត ហើយបើបងប្អូនបាត់អត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់ សូមទៅសាលាឃុំឬសង្កាត់ដើម្បីសុំការបញ្ជាក់ពីអាជ្ញាធមូលដ្ឋាន ហើយនៅពេលទៅបោះឆ្នោតសូមគូសឲ្យចំឈ្មោះគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងស្ថិតនៅលេខរៀងទី១ នៃសន្លឹកឆ្នោត៕