(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសទទួលស្គាល់ជាផ្លូវការ ក្រុងកំពង់ឆ្នាំង នៃខេត្តកំពង់ឆ្នាំង ជាក្រុងដែលបានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល។

ពិធីនេះមានការចូលរួមពីលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ក្រុងកំពង់ឆ្នាំង នៅឆ្នាំ២០២០ ត្រូវបានអង្គការ (វ័តធឺអេត) ជ្រើសរើសជាតំបន់គោលដៅដើម្បីអុវត្តកម្មវិធីផ្គត់ផ្គង់ ការសំអាតនិងអនាម័យជនបទ។ នៅពេលដែលអនុវត្តកម្មវិធីដំបូងប្រជាពលរដ្ឋមានប្រភពទឹកប្រើប្រាស់ ចំនួន១០០ភាគរយ។ ក្នុងនោះប្រជាពលរដ្ឋដែលប្រើប្រាស់ទឺកស្អាតមានចំនួនជាង ៨៧ភាគរយ ចំណែកប្រជាពលរដ្ឋដែលមានបង្គន់អនាម័យប្រើប្រាស់ចំនួនជាង៨៩ភាគរយ។ តាមរយៈការផ្សព្វផ្សាយរបស់អាជ្ញាធរមូលដ្ឋាន បានធ្វើឱ្យប្រជាពលរដ្ឋធ្វើការផ្លាស់ប្តូរទម្លាប់ មកកសាងបង្គន់ប្រើប្រាស់ ហូបទឹកស្អាត លាងដៃ និងសាប៊ូ ធ្វើឱ្យអត្រានៃការចូលរួមបានកើនឡើងពី៨៩ភាគរយ ដល់១០០ភាគរយ។

ក្នុងឱកាសនោះ លោក ឡុង ឈុនឡៃ បានបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែង អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុងកំពង់ឆ្នាំង ដោយមានកិច្ចសហការជាមួយអង្គការដៃគូពាក់ព័ន្ធ លើកកម្ពស់អនាម័យជនបទ និងការងារធ្វើឱ្យក្រុងកំពង់ឆ្នាំង បានឈានទៅបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង១០០ភាគរយ។ លទ្ធផលទាំងអស់នេះ គឺដោយ សារការចូលរួមពីគ្រប់ស្រទាប់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធផងដែរ។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង និងក្រុងកំពង់ឆ្នាំង ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ទាំងនេះជាមោទនភាពចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នៅក្នុងវិស័យអភិវឌ្ឍន៍ជនបទជាពិសេស នៅក្នុងផ្នែកអនាម័យជនបទនៅក្នុងខេត្តនីមួយៗ ដែលឆ្លងកាត់នូវការវាយតម្លៃដោយផ្អែកលើនីតិវិធី និងលក្ខណៈវិនិច្ឆ័យ ច្បាស់លាស់ ម៉ត់ចត់ពីគណៈកម្មការថ្នាក់ជាតិ ទទួលស្គាល់ជាផ្លូវការជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា ដែលបានសម្រេចការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅពេលនេះ។

លទ្ធផលដ៏ល្អប្រសើរនេះ មិនត្រឹមតែបង្ហាញឱ្យឃើញការរីកចម្រើនផ្នត់គំនិតរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសុខភាព និងអនាម័យប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍ និងជីវភាពល្អប្រសើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមវិភាគទាន និងម្ចាស់ការក្នុងការសាងសង់បង្គន់អនាម័យប្រើប្រាស់នៅតាមខ្នងផ្ទះ និងសហគមន៍ផងដែរ៕