(ក្រចេះ)៖ លោក យ៉ង សែម ប្រធានគណៈកម្មាការទី១ នៃព្រឹទ្ធសភា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជន និវត្តជន ចាស់ជរា ជនពិការ និងយុវជន ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ដើម្បីបានដឹងពីសុខទុក្ខរបស់ពួកគាត់ ដែលកន្លងមកបានខិតខំទាំងកម្លាំងកាយ កម្លាំងចិត្ត បម្រើជាតិ មាតុភូមិ រក្សាសន្តិភាពសង្គម។

ក្នុងឱកាសនោះដែរ លោក យ៉ង់ សែម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារអតីតយុទ្ធជន និវត្តន៍ជន ចាស់ជរា ជនពិការ និងយុវជនទាំងអស់ដែលបានតស៊ូ លះបង់កម្លាំងកាយ-ចិត្ត ក្នុងការកសាងបម្រើជាតិមាតុភូមិ និងការពារសុខសុវត្ថិភាពជូនប្រជាជាតិក្នុងពេលជម្ងឺកូវីដ១៩ រាលត្បាតជាសកល។

សមិទ្ធផលកំពុងមានសព្វថ្ងៃនេះ គឺជាផលកើតចេញពីការធ្វើពៈលីកម្មគ្រប់បែបយ៉ាងរបស់និវត្តជន និងអតីតយុទ្ធជនទូទាំងប្រទេស ដែលបានរួមគ្នាកសាងជាតិ តាំងពីប្រទេសស្ថិតក្នុងស្ថានភាពលំបាកក្រីក្រ រហូតមានសន្តិភាព និងការអភិវឌ្ឍសម្រាប់អ្នកជំនាន់ក្រោយដូចដែលគ្រប់គ្នាបានឃើញនាពេលនេះ។

លោកបានលើកឡើងថា ឆ្លើយតបទៅគុណបំណាច់ទាំងនេះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសគ្រួសារអតីតយុទ្ធជន និវត្តន៍ជន ចាស់ជរា ជនពិការ និងយុវជន ដែលមានជីវភាពខ្វះខាត និងជួបបញ្ហាផ្សេងៗតាមរយៈគោលនយោបាយការផ្ដល់ប្រាក់សោធននិវត្តន៍ និងបេឡាជាតិរបបសន្តិសុខសង្គម ដែលនេះជាការបញ្ជាក់ថាទោះឋិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាគឺមិនបានបោះបង់គ្នាចោលឡើយ។

លោកក៏បានស្នើសុំដល់មន្រ្តីរាជការដែលបានចូលនិវត្តន៍ សូមរស់នៅថែរក្សាសុខភាពឱ្យបាល្អ និងចូលរួមទទួលយកវ៉ាក់សាំងបន្តបន្ទាប់ដែលរាជរដ្ឋាភិបាលផ្តល់ជូនទៅតាមដូសនីមួយៗ ដើម្បីជាម្លប់ថែរក្សាអប់រំទូន្មានកូនចៅឱ្យដើរផ្លូវល្អជាពលរដ្ឋល្អសម្រាប់សហគមន៍ និងសង្គមជាតិ៕