(ព្រះវិហារ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វេទិកាអ៊ុទូក និងសំណង់សិល្បការផ្សេងៗ ដែលសាងសង់អស់ទឹកប្រាក់ចំនួន៦៥មុឺនដុល្លារ ជាប់ព្រំដែនឡាវ ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពី លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ, លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, លោក សោម ប៊ុតតះគុណ អភិបាលរងខេត្តចម្ប៉ាសាក់, លោក ឃុំសន ខុនប៉ាសឺត អគ្គកុងស៊ុលឡាវប្រចាំខេត្តស្ទឹងត្រែង, អភិបាលខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលតែងតែតម្កល់នូវកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្ពុជា ពិសេសខេត្តដែលជាប់ព្រំដែន គឺតែងតែយកចិត្តទុកដាក់ទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីជួបគ្នាដោះស្រាយបញ្ហានានា ដែលកើតឡើងនៅតាមព្រំដែន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាលឡាវ និងគោលការណ៍របស់ក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណរដ្ឋឡាវ។

សម្តេចក្រឡាហោម ស ខេង ដោយជំនឿមុតមាំថា ទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសយើងទាំង២ កម្ពុជា ឡាវ នឹងនៅតែបន្តរក្សានូវគោលការណ៍កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍តទៅទៀត។

ដោយឡែកសម្រាប់ក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណរដ្ឋឡាវ តែងតែប្រកាន់ភ្ជាប់នូវរបបជួបគ្នាប្រចាំឆ្នាំ ទោះបីជំងឺកូវីដបានរំខាន ប៉ុន្តែយើងបានរកមធ្យោបាយទាក់ទងជួបប្រជុំជាមួយគ្នា តាមប្រព័ន្ធទាញរូបភាព (ហ្សូម) ដើម្បីជជែកផ្លាស់ប្តូរអំពីវឌ្ឍនភាព ឬមួយក៏លទ្ធផល នៃកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ និងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការឆ្នាំបន្តទៀតដោយគ្មានការអាក់ខាន។

សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះលោក វិឡៃ ឡាខាំភួង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណរដ្ឋឡាវ ដេលបានយកចិត្តទុកដាក់ដើម្បីបង្កលក្ខណៈសម្បត្តិ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង២ ពិសេសការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ក្នុងនោះមានការជួញដូរគ្រឿងញៀន ជាពិសេសគឺគ្រឿងញៀនសំយោគ ដែលខាងមិត្តឡាវ លោកក៏បានខិតខំបង្រ្កាបបានជាច្រើនករណី ហើយកម្ពុជាយើងក៏បានបង្ក្រាបជាច្រើនករណី។

ចំពោះករណីដែលធ្លុះធ្លាយ បានន័យថា លួចលាក់ ហូរចូល ពីឡាវមកកម្ពុជា យើងក៏បានឯកភាពគ្នា ហើយបើសិនគ្មានកិច្ចសហប្រតិបត្តិការគ្នាទេ នោះគ្រឿងញៀនសំយោគនេះ វាកាន់តែគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឡាវ ក៏ដូចជាដល់កម្ពុជាយើងផងដែរ។

ទាក់ទងនឹងពិធីសម្ពោធវេទិកាអ៊ុទូកនៅពេលនេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា វេទិកាបុណ្យអ៊ុទូក ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ វាមិនធំទេតែវាជាសមិទ្ធផលមានលក្ខណៈជាប្រវត្តិសាសន៍ដែរ ហើយសម្តេចបានថ្លែងនូវការអរគុណ ចំពោះសប្បុរសជនទាំងអស់ ក៏ដូចជាមន្ត្រីរាជការ នៅក្នុងឃុំកំពង់ស្រឡៅមួយ ក៏ដូចជាប្រជាពលរដ្ឋដែលបានគាំទ្រ និងចូលរួម ទោះបីតិចតួចក្តី តែបង្កើតបាននូវសមិទ្ធផលនេះឡើង។ ចាប់ពីពេលនេះតទៅយើងមានឱកាស នឹងរៀបចំនូវកម្មវិធីការប្រកួតកីឡាអុំទូក និងមានការស្វាគមន៍ពីប្រជាពលរដ្ឋឡាវ និងកីឡាករ កីឡាការនីរបស់ឡាវ ដើម្បីប្រកួតប្រជែងក្នុងឱកាសសមស្រប ជាមិត្តភាពក្តីជាការប្រកួតក្តី។

ដោយឡែក លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា វេទិកាអុំទូកដែលសម្ពោធនៅថ្ងៃនេះ មានបណ្តោយ២៧ម៉ែត្រ និងទទឹង១៥ម៉ែត្រ កម្ពស់១៦.៣៣ម៉ែត្រ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយមានការជួយឧបត្ថម្ភគាំទ្រពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង, លោក មាស សុភា និងលោកស្រី, លោក សាយ សំអាល់, លោកស្រី ចឹក ហេង, លោក សួស យ៉ារ៉ា, លោក សំ លាងទ្រី, លោក អ៊ុក កឹមសាន្ត និងសប្បុរសជនជាច្រើនរូបទៀត។

លោកអភិបាលខេត្ត បន្តថាក្រៅពីសាងសង់វេទិកាអុំទូក ក៏មានការសាងសង់ច្រាំងទន្លេសងខាវេទិកា សង់របង ខ្លោងទ្វារ ក្រាលក្រានីត សួនច្បារ សង់អគារស្នាក់នៅ សង់រោងទូក សង់អាស្រមបួងសួងខាងឆ្វេងវេទិកា រូបសំណាកចំនួន៥ រៀបចំតុបតែងកែលំអរផ្សេងៗ ដោយចំណាយថវិកាសរុបចំនួន២ពាន់៦០៣លានរៀល ស្មើនឹង៦៥មុឺនដុល្លារ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានថ្លែងនូវការគោរពអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង២,៥០០ម៉ែត្រ ទុកជាចំណងដៃដល់ប្រជាពលរដ្ឋនៅឃុំកំពង់ស្រឡៅមួយផងដែរ៕