(កណ្ដាល)៖ លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបញ្ជាឲ្យលោក ជុំ លីវណ្ណរិទ្ធ អ្នករកស៊ីមានមុខមានមាត់ម្នាក់នៅខេត្តកណ្ដាល ចូលខ្លួនបង្ហាញមុខនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីសាកសួរ ក្រោយករណីចេញសែកស្អុយ។

ដីការបស់តំណាងអយ្យកាដែល Fresh News ទទួលបាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា លោក ជុំ លីវណ្ណរិទ្ធ ត្រូវមកបង្ហាញខ្លួននៅការិយាល័យដូចជម្រានជូនខាងលើចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ រៀងរាល់ម៉ោងធ្វើការ។

គួរជម្រាបថា លោក ជុំ លីវណ្ណរិទ្ធ ជាម្ចាស់ក្រុមហ៊ុន សៀង ហៃ គ្រុប ដែលគេស្គាល់ថាជាអ្នកជំនួញដ៏ធំម្នាក់ផងដែរនៅខេត្តណ្ដាល។ ជនសង្ស័យមានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច ក្រោយមានដីការបស់តំណាងអយ្យការ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោក ជុំ លីវណ្ណរិទ្ធ បានចូលមកបំភ្លឺតាមកាលកំណត់ ដើម្បីបន្តដោះស្រាយតាមនីតិវិធី៕