(ស្ទឹងត្រែង)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចាប់ខ្លួនជនជាតិឡាវម្នាក់ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅចំណុចអូរប្រាំ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនសង្ស័យជនជាតិឡាវ ឈ្មោះ ខាំផា ថូស៊ី អាយុ៤០ឆ្នាំ មានទីលំនៅស្រុកប៉ាក់សាន់ ប្រទេសឡាវ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា«បន្ទាប់ពីធ្វើការឃាត់ខ្លូន កម្លាំងសមត្ថកិច្ចដកហូតបាន ថ្នាំញៀនប្រភេទតំហ្វេតាមីនម្សៅក្រាមសថ្លា(ICE)ទម្ងន់៩១១ក្រាម»។

បច្ចប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕