(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចជូនយោធិន នៃកងរាជអាវុធហត្ថខេត្ត ចំនួន១៣២រូប។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរទាំង៧ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង៩ និងនាយទាហាន នៃកងរាជអាវុធហត្ថចំនួន១៤៧នាក់ ផងដែរ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានផ្តាំផ្ញើដល់កងកម្លាំងក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះមេរោគកូវីដ១៩ ព្រោះវាមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ និងបានដាក់ផែនការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាឱកាសបើកយុទ្ធនាការឃោសនា និងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានផ្ដាំផ្ញើបន្ថែមទៀតថាដល់កងកម្លាំងទាំងអស់ដែលទទួលបាននូវសេចក្ដីសម្រេចតួនាទី និងភារកិច្ចថ្មីដែលថ្នាក់លើប្រគល់ជូនសូមយកទៅអនុវត្តឱ្យបានល្អប្រសើរ ដើម្បីបម្រើសេចក្តីសុខសប្បាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលខ្លួនឈរជើង ជាពិសេសមិនត្រូវធ្វេសប្រហែសជាដាច់ខាតចំពោះតួនាទីរបស់ខ្លួនក្នុងនាមជាកងកម្លាំង៕