(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងជាជំនួយ និងបញ្ជារទិញមានជាង ៥២លានដូស ប្រើប្រាស់អស់ជាង ៤២លានដូស ខណៈវ៉ាក់សាំងទាំងនេះបានប្រើប្រាស់ថវិកាទិញអស់ ២៨.៥លានដូស ហើយសម្រាប់វ៉ាក់សាំងដែលមិនទាន់បាន ដឹកមកដល់នៅសល់ជាង ២០លានដូសទៀត។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលពិព័រណ៍ ជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។

ទាក់ទងនឹងរឿងវ៉ាក់សាំង សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងបានមកដល់ ៥២លានដូស ហើយយើងយកមកប្រើប្រាស់អស់ ៤២,៨៧១,៥៣៦ដូស នៅសល់ ក្នុងឃ្លាំង ៩,៩៦៣,៨៥៤ដូស ក្នុងចំនួននេះអ្វីដែលជាមោទនភាពរបស់កម្ពុជា វ៉ាក់សាំង ៥២លានដូសដែលបានដល់ទាំងមុន ទាំងក្រោយ កម្ពុជាបានចំណាយលុយខ្លួនឯង ទិញអស់ ២៨.៥លានដូស កម្ពុជាមានសមត្ថភាពដើម្បីចាក់វ៉ាកសាំងជូនប្រជាពលរដ្ឋរបស់ខ្លួន, ឥលូវនេះ ៥២លានដូសដែលបានមកដល់បើយើងគិតថវិកាទិញ ២៨.៥លានដូស គឺមានចំណែកធំជាងជំនួយពីបណ្តាប្រទេសនានាទាំងអស់»

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាក្រ ក៏ប៉ុន្តែមិនបណ្តោយឱ្យប្រជាពលរដ្ឋខ្វះថ្នាំ ដែលយើងអាចរកទិញបាននោះទេ, វ៉ាក់សាំងដែលកម្ពុជា បានទិញ ២៨.៥លានដូសមិនមែនជារឿងធម្មតានោះទេ ខណៈដែលពេលនោះមិនប្រាកដថា មានលុយហើយទិញបាននោះទេ ដោយមានប្រទេសជិត ខាងក្នុងតំបន់ ក៏មានការខ្វះវ៉ាក់សាំងច្រើន ក្នុងពេលដែលមានលុយទិញដូចគ្នា, មូលហេតុដែលយល់គឺវិធីសាស្រ្តក្នុងការធ្វើទំនាក់ទំនងស្វែងរកវ៉ាក់សាំង។

សម្តេចតេជោ បានបន្ថែមថា ឥលូវនេះវ៉ាក់សាំងដែលមិនទាន់បានដឹកជញ្ជូនមកដល់កម្ពុជា នៅសល់ ២០,៥៥០,០០០ដូស មានពីចិន ១៥លានដូស ពីអាមេរិក ៧.៥លានដូស និងបានដឹកមក ២លានដូស នៅសល់ ៥.៥លានដូសទៀត ដែលនេះនៅមិនទាន់គិតដល់ប្រទេសដែលកំពុងតែត្រៀមជួយផ្តល់ឱ្យកម្ពុជាថែមទៀតនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ទាក់ទងនឹងជំងឺកូវីដ១៩នេះ សម្រាប់វ៉ាក់សាំងមួយគឺធានាថា មិនឱ្យមានការខ្វះខាតសម្រាប់ចាក់ជូនប្រជាជននោះទេ ឥលូវទោះបីជាមានវ៉ាក់សាំងនៅក្នុងឃ្លាំងតែជាង៩លានដូស តែត្រូវតែបង្កើនប្រសិទ្ធភាពក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យអស់សម្រាប់វ៉ាក់សាំងដែលមាននៅក្នុងឃ្លាំង ដើម្បីត្រៀមទទួលវ៉ាក់សាំងថ្មី។

សូមជម្រាបថា ប្រទេសដែលមានផ្គត់ផ្គង់ជំនួយជាវ៉ាក់សាំងមកកម្ពុជា រួមមាន៖ ប្រទេសចិន ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី ប៉ូឡូញ ហូឡង់ ហុងគ្រី អ៉ីតាលី។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០០៦,០៤៦នាក់។ ក្នុងនោះរួមមាន៖
ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣១០,០៥៧នាក់, ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៧,២០១នាក់, ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៦៦,២៤០នាក់, អាយុ៥ឆ្នាំ ៣៩៩,៩៩៣នាក់, អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣៩២,៥៥៥នាក់ ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ ចំនួន ៩,០១២,៣៨៧នាក់ និងដូសទី៤ ចំនួន ២,២៣០,២១៤នាក់៕