(កណ្ដាល)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយព្រះវត្តមានសម្ដេចព្រះសង្ឃរាជ សម្ដេចព្រះសង្ឃ ព្រះសង្ឃ ព្រមទាំងវត្តមានសមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងស្ថានទូតអ្នកកាន់ព្រះពុទ្ធសាសនា និងប្រជាពុទ្ធបរិស័ទ បានយាង-និមន្ត និងអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជា នៅព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) នាស្រុកពញាឮ ខេត្តកណ្តាល យ៉ាងអធិកអធម។

ពិធីបុណ្យវិសាពបូជាខាងលើនេះបានប្រារព្ធធ្វើឡើងនៅថ្ងៃ១៥កើត (យប់ពេញបូណ៌មី) ខែពិសាខ ពុទ្ធសករាជ ២៥៦៥ ឈានចូល ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា គ្រិស្ដសករាជ ២០២២។

នាឱកាសនោះដែរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងវត្តមានសមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងស្ថានទូតអ្នកកាន់ព្រះពុទ្ធសាសនា និងប្រជាពុទ្ធបរិស័ទ បានដាក់បាត្រថ្វាយ-ប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃ និងព្រះសង្ឃ សរុបចំនួន៨០អង្គ ដែលបានយាង-និមន្តក្នុងពិធីនោះ។

គួរជម្រាបថា បុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះគឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ ព្រះសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។ ព្រះអង្គទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន គឺសុទ្ធតែក្នុងថ្ងៃ១៥កើត ខែពិសាខទាំងអស់ ដែលមានព្រះច័ន្ទពេញវង់ ឬពេញបូណ៌មី។ ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា «អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្ធតោ» ប្រែសេចក្តីថា «ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវររាជមាតាក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មីខែពិសាខ បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មីខែពិសាខ និងទ្រង់ចូលបរិនិព្វានក៏ថ្ងៃពេញបូណ៌មីខែពិសាខ»។

បើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) បានប្រកាសទទួលស្គាល់ពិធី «វិសាខបូជា» នេះជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង៕