(ភ្នំពេញ)៖ តារាសម្តែងប្រុសរូបសង្ហា លោក ចន អេឡិចហ្សូរ៉ា កាលពីរាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០១៦ នេះ បានរៀបចំពិធីបែប​លក្ខណៈមនុស្សធម៌ ដែលមានឈ្មោះថា« ចង្កៀងនៃក្តី​សង្ឃឹម​​គេ​ភ្លេច​ខ្ញុំហើយ» ជាផ្នែកមួយផ្តោតសំខាន់ លើការស្វែងរកដៃគូម្ចាស់ ជំនួយ ក៏ដូច​ជាសប្បុរជនព្រមទាំង អង្គការជាតិ និងអន្តរជាតិក្នុងការជួយកុមារកំព្រា នៅប្រទេសកម្ពុជា ពិសេសកុមារៗរស់នៅ មណ្ឌលភូមិសុខសាន្ត នាខេត្តតាកែវ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសរៀបចំពិធីខាងលើ តារាប្រុសលោក ចន អេឡិចហ្សូរ៉ា បា​ននិយាយប្រាប់ ពីគោលបំណង នៃពិធីនេះថា «កម្មវិធីនេះរៀប​ចំឡើង ក្នុងគោលបំណង​ជីកកកា​យ​នូវអ្វី ដែលគេហាក់បានបំភ្លេច និងមើលរំលងមួយចំនួនដូចជា កុមារកំព្រា ជនពិការ និង ក្មេងៗផ្ទុកមេរោគអេដស៍ ដែលភាគច្រើនពួកគាត់ អញ្ជើញមកពីមណ្ឌលភូមិសុខសាន្ត ខេត្តតាកែវ។ ម្យ៉ាង​ទៀតស​ម្រាប់គម្រោង នៃការរៀបចំកម្មវិធីនេះ គឺនៅមានច្រើ​នទៀត..!»។

លោក អេឡិចហ្សូរ៉ា បានបន្តថា «អ្វីដែលខ្ញុំបានរៀបចំធ្វើឡើង នៅពេលនេះជាផ្នែកមួយ ដើម្បីផ្ស​ព្វផ្សាយ និងក្រើនរំឭកដល់ ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា ឲ្យបានដឹងថា សព្វថ្ងៃមានក្មេងជាច្រើន ដែលពួកគាត់ត្រូវការឲ្យយើងជួយ និងចង់បានក្តីស្រឡាញ់ លើទឹកចិត្តដល់ពួកគាត់ ហើយកម្មវិធីដែលបានរៀបធ្វើនៅថ្ងៃនេះ ពុំមែនដើម្បីប្រមូលយកថវិកា ពីមហាជនដែលបានចូលរួមទស្សនា ការច្រៀង-សម្តែងនោះទេ តែក៏ជាការផ្សព្វផ្សាយ ស្វែងរកការចូលរួមសកម្មភាពមនុស្សធម៌ ជួយកុមារៗដែ​លកំពុងជួបការលំបាក ដោយពួកគាត់​​អាចចុះទៅ​ជួបផ្ទាល់ខ្លួន តែម្ដង..!»។

តារាសម្តែងលោក ចន  អេឡិចហ្សូរ៉ា បានបញ្ជាក់បន្ថែមថា សម្រាប់កម្មវិធីដែលមានឈ្មោះ​ថា «​ចង្កៀ​ង​នៃ​ក្តី​ស​ង្ឃឹម​គេ​ភ្លេច​ខ្ញុំហើយ» គឺបានការផ្តូចផ្តើមគំនិតរៀបចំឡើង ដោយក្រុមប្រណម​ និ​ង​មាន​កា​រស​ហការ​ពី​សំណាក់ក្រុមហ៊ុន GFX, vitalonga, សិល្បៈខ្មែរអមតៈ និងក្រុមយុវជនបេ​សកក​កម្មសុឆ្ទៈខ្មែរ។ កម្មវិធីកាលពីយប់មិញ ក៏មានការសម្តែងរបាំ និងការច្រៀង​ពីសំណាក់​ក្រុម​កូនខ្មែរ Original Song និងតារាចម្រៀងប្រុស មកពីផលិតកម្មសាស្តាលោក សាន សេរីវុឌ្ឍ ផង​ដែរ៕