(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងទេសចរណ៍ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

នៅក្នុងសាររំលែកមរណទុក្ខ បានបញ្ជាក់ដូចនេះថា ខ្ញុំ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងទេសចរណ៍ មានសេចក្តីតក់ស្លុត និងរន្ធត់ចិត្តក្រៃលែង ដោយទទួលដំណឹងថា លោកសន្តិបណ្ឌិត ឌុល គឿន សមាជិកសភាតំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល បានទទួលមរណភាពនៅ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។

ខ្ញុំ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងទេសចរណ៍ សូមចូលរួមសម្តែងនូវសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យបំផុត ជាមួយលោកស្រី និងក្រុមគ្រួសារ ចំពោះការបាត់បង់លោកសន្តិបណ្ឌិត ឌុល គឿន ដែលជាស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាឥស្សរជនដ៏ឆ្នើម ដែលបានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនជារៀងរហូតមក។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះរតនត្រ័យតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធលោកសន្តិបណ្ឌិត ឌុល គឿន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕