(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ បានចុះឃាត់ខ្លួនជនជួញដូរគ្រឿងញៀនម្នាក់ ត្រង់ចំណុចបន្ទប់ផ្ទះជួល ផ្លូវលំ ក្រុមទី០៦ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

អធិការរងនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សន រ៉ាវី ហៅប៉ូឡូ អាយុ២២ឆ្នាំ ជាសិស្សវិទ្យាល័យ «ជាស៊ីមសាមគ្គី» ស្នាក់នៅត្រង់ចំណុចខាងលើ។ លោក ម៉េង វិមានតារា បានបន្ថែមថា «ក្រោយពីបានឃាត់ខ្លួនជនគ្រឿងញៀនម្នាក់នេះហើយ យើងបានដកហូតម្ស៉ៅក្រាមពណ៌សថ្លា ចំនួន១៧កញ្ចប់តូច ជញ្ជីងអេឡិចត្រូនិច១គ្រឿង ដាវ២ដើម ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន និងម៉ូតូ១គ្រឿងម៉ាក Today ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1-FE 6943។ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់៕