(ភ្នំពេញ)៖ ក្នុងនាមជាគ្រឹះស្ថានស្រាវជ្រាវជ្រាវរបស់ជាតិដ៏សំខាន់មួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) មានយុទ្ធសាស្ត្រធំៗជាច្រើន ដើម្បីការបង្រៀន ការស្រាវជ្រាវ និងឱកាសការងារដល់និស្សិត។ យុទ្ធសាស្ត្រនោះរួមមាន ការពង្រីកទំនាក់ទំនាក់ជាមួយដៃគូជាតិ និងអន្តរជាតិ ដែលទី១ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចង់ឲ្យយុវជនបានស្គាល់សាលានេះកាន់តែច្រើន និងទី២ សាលានេះពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូដទៃទៀតជាលំដាប់។

បង្កើតឡើងនៅឆ្នាំ១៩៦០ សាកលវិទ្យាល័យដ៏ធំជាងគេនៅកម្ពុជាមួយនេះ បានបន្តពង្រីកដៃកាន់តែវែងបន្ថែមទៀត ដែលសកម្មភាពលើកនេះ នឹងរួមចំណែកជួយនិស្សិតរបស់ខ្លួន ទទួលបានឱកាសការងារក្នុងវិស័យធានារ៉ាប់រង។ ជាក់ស្តែង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life ដើម្បីបង្កើនទំនាក់ទំនងរបស់ខ្លួន និងវិស័យឯកជនមួយនេះ ក៏ដូចជាផ្តល់ឱកាសដល់សិស្សនិស្សិត តាមរយៈការចូលរួមកម្មវិធីកម្មសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សា ការសិក្សាស្រាវជ្រាវ និងសកម្មភាពផ្សេងៗទៀត។

លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានពន្យល់ថា ការពង្រីកកិច្ចសហប្រតិបត្តិការរបស់សាកកលវិទ្យាល័យជាមួយដៃគូដទៃ គឺសម្តៅដល់ការភ្ជាប់ទំនាក់ទំនងជាមួយអង្គភាពបង្រៀន ស្រាវជ្រាវ និងអង្គភាពការងារ ដើម្បីឲ្យនិស្សិតបានចេញទៅអនុវត្តការងារតែម្តង។

លោកបញ្ជាក់ថា «ការភ្ជាប់ទំនាក់ទំនងជាមួយ GC Life គឺទាក់ទងនឹងការងារ ច្រើនជាងការបង្រៀន គឺកន្លែងគាត់ឲ្យកូនសិស្សរបស់យើងហាត់ការ។ ខ្ញុំគិតថា មានចំនួនសិស្សច្រើន ដែលយើងអាចបញ្ជូនទៅហាត់ការបាន ហើយបន្ថែមលើហ្នឹង គឺគាត់ជួយពួកយើងលើអាហាររូបករណ៍មួយចំនួន។ ម្យ៉ាងទៀត គាត់អាចជួយអ្នកបច្ចេកទេសមួយចំនួន មកផ្តល់ការបង្ហាញដើម្បីឲ្យកូនសិស្សយើងបានស្តាប់។ អញ្ចឹងការពង្រីករបស់យើង ចូលកាន់តែឆ្ងាយជាងមុន ទាំងអង្គភាពស្រាវជា្រវ បង្រៀន និងហាត់ការ ដល់កូនសិស្សយើង»

ចំណែកឯលោក Tee Kuan Cheong នាយកប្រតិបត្តិនៃក្រុមហ៊ុន GC Life បានថ្លែងផងដែរថា លោកមានក្តីរំភើបរីករាយជាខ្លាំង ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការផ្តល់ឱកាសឲ្យនិស្សិតបានចូលរួមការណ្តុះបណ្តាលរយៈពេលខ្លី និងសិក្ខាសាលានានាដែលរៀបចំដោយក្រុមហ៊ុន លើសពីនេះស្ថានប័នទាំងពីរនឹងចូលរួមចែករំលែក និងផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ទៅវិញទៅមក។ ក្រុមហ៊ុន GC Life នឹងផ្តល់អាហារូបករណ៍ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ដោយចាប់ផ្តើមជាមួយនឹងការផ្តល់អាហារូបករណ៍ចំនួន ៥ កន្លែង។

លោកបន្តថា ជាងនេះទៅទៀត ក្រុមហ៊ុន GC Life នឹងផ្តល់ឱកាសដល់និស្សិតក្នុងការចូលរួមក្នុងកម្មវិធីកម្មសិក្សា ដើម្បីទទួលបាននូវការអភិវឌ្ឍផ្នែកចំណេះដឹង ជំនាញ និងទទួលយកបទពិសោធន៍ផ្ទាល់ខ្លួន ក៏ដូចជាបទពិសោធន៍វិជ្ជាជីវៈផងដែរ៕