(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ចំពោះមរណភាព សន្តិបណ្ឌិត ឌុល គឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។

តាមរយៈសារលិខិតរំលែកទុក្ខ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថា «ខ្ញុំ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាមានសេចក្តីរន្ធត់ក្រៀមក្រំជាទីបំផុតដោយបានទទួលព័ត៌មានអំពីមរណភាពរបស់ ឯកឧត្តមសន្តិបណ្ឌិតឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា នៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨:១២នាទី ក្នុងជន្មាយុ៧៤ឆ្នាំដោយជរាពាធ»

«យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ជាស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចាត់ទុកថា ការបាត់បង់ សន្តិបណ្ឌិត ឌុល គឿន គឺជាការបាត់បង់នូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលមានស្នាដៃ និងបទពិសោធន៍ចូលរួមកសាង និងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ជាពិសេស សន្តិបណ្ឌិត ឌុល គឿន បានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេសជាតិឡើងវិញ រហូតទទួលបានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។

ជាមួយនឹងក្តីសោកស្តាយនេះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ពីការ ចងចាំ និងសូមគោរពនូវគំរូវីរភាពដ៏ល្អឧត្តុងឧត្តមរបស់ សន្តិបណ្ឌិត ឌុល គឿន និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ សន្តិបណ្ឌិត ឌុល គឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕