(ត្បូងឃ្មុំ)៖ សមាជិកថ្មីមកពីគណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ សរុបចំនួន៥២នាក់ នៅស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីបានមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងល្អប្រសើរ របស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសមានការអភិវឌ្ឍរីកចំរើន និងធ្វើឱ្យប្រទេសជាតិស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។

ពិធីប្រកាសបញ្ចូលសមាជិកថ្មីខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ នៅមន្ទីរបក្សខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ។

ថ្លែងនាឱកាសនោះលោក ស៊ាក ឡេង បានលើកឡើងថា កម្ពុជាចាប់ផ្តើមពីបាតដៃទទេ ហើយមានអ្វីៗដូចសព្វថ្ងៃនេះ ដោយសារប្រទេសជាតិមានស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច កើតឡើងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩។

លោកបានបញ្ជាក់ដល់សមាជិក សមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជា សូមកុំជឿការញ៉ុះញ៉ុងរបស់គណបក្សណាមួយឡើយ ដែលតែងតែថា ខ្លួនជាអ្នក រំដោះជាតិនោះ ពោលគឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ និងបានស្តារប្រទេសជាតិឲ្យមានការរីកចម្រើន អភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ។

លោក ស៊ាក ឡេង ក៏បានណែនាំដល់ថ្នាក់ដឹកនាំចុះជួយភូមិ ឃុំ និងប្រធានក្រុមបក្សនៅតាមមូលដ្ឋានផ្ទាល់ ត្រូវយកចិត្តទុកដាក់ និងក្តាប់ឱ្យជាប់នូវព័ត៌មាន សមាជិក នៅក្នុងភូមិរបស់ខ្លួន ហើយត្រូវណែនាំឱ្យសមាជិក សមាជិកាបក្សតាមមូលដ្ឋាននីមួយៗ ត្រៀមលក្ខណៈសម្បត្តិក្នុងការទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ជាពិសេសត្រូវត្រៀមឯកសារបម្រើដល់ការបោះឆ្នោត ដូចជាអត្តសញ្ញាណប័ណ្ណជាដើម។

លោក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជារួមគ្នា រក្សាសន្តិភាពឱ្យបានហើយដើម្បីរក្សាសន្តិភាពនេះ បានគឺមានតែមធ្យោបាយតែមួយគត់នោះ គឺនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

បើតាមការឱ្យដឹងពីលោក យីន គីមហ៊ន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធាគណចាត់តាំងគណបក្សខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ពិធីប្រកាសបញ្ចូលសមាជិកថ្មីសរុបចំនួន៥២នាក់ ស្រីមានចំនួន២១នាក់ មកពីគណបក្សចំនួន៤រួមមាន៖ គណបក្សភ្លើងទៀនចំនួន៣២នាក់ គណបក្សខ្មែររួបរួមជាតិចំនួន៣នាក់ គណបក្សហ៊្វុនស៊ីនប៉ិចចំនួន ២នាក់ និងគណបក្សខ្មែរតែមួយចំនួន១៥នាក់៕