(ព្រះវិហារ)៖ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ និយាយដោយឡែក សមាជិក សមាជិកាគបក្សទូទាំងខេត្តព្រះវិហារ ត្រូវចូលរួមក្នុងសកម្មភាពការពារគណបក្ស គាំទ្រគណបក្ស និងកាសាងគណបក្ស ឱ្យបានគង់វង្សយូរអង្វែង ដើម្បីឱ្យគណបក្សបន្តអនុវវត្តតួនាទីជាប្រវត្តិសាស្ត្រ បម្រើប្រទេសជាតិនិងប្រជាជន។

ការថ្លែងអំពាវនាវបែបនេះរបស់លោក មាស សុភា ក្នុងឱកាសដែលោកចូលរួមក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ ទាំង៥១ឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធាគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង ស្រុក ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២២នេះ។

នៅក្នុងឱកាសនេះដែរ លោក មាស សុភា បានថ្លែងពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា នៅក្នុងពិធីទាំងអស់ សូមទទួលបានសុខភាពល្អនិងទទួលជោគជ័យគ្រប់ភារកិច្ច។

លោកក៏ថ្លែងនូវការកោតសរសើរចំពោះគណបក្សខេត្តព្រះវិហារ ចំពោះក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តនិងក្រុមការងារខេត្តចុះមូលដ្ឋានទាំងអស់ ពិសេសគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ដែលកន្លងមកនេះបានពង្រាងផែនការ និងដំណើរការយុទ្ធនាការរបស់យើងទៅតាមផែនការដែលគណបក្សបានកំណត់ ដើម្បីឈានទៅរកជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ខាងមុខនេះ។

លោក មាស សុភា ក៏បានថ្លែងលើកឡើងជម្រាបជូនសមាជិក សមាជិកា ពីតួនាទី ភារកិច្ចនិងគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃចាប់បដិសន្ធិរហូតមកដល់បច្ចុប្បន្នដែលមានរយះពេល៧១ឆ្នាំ តាមដំណាក់កាលនីមួយៗជូនដល់សមាជិក សមាជិកា ទាំងអស់ឱ្យបានជ្រាបកាន់តែច្បាស់។និងបានណែនាំដល់សមាជិក សមាជិកា ទាំងអស់ ត្រូវរួមគ្នាការពារគណបក្ស គាំទ្រគណបក្សនិងកសាងគណបក្ស ដើម្បីឱគណបក្សបន្តអនុវត្តការងារជាប្រវត្តិសាស្ត្របម្រើប្រទេសជាតិនិងប្រជាជនតទៅទៀត។លោកក៏បានថ្លែងណែនាំបន្ថែមឱ្យពង្រឹងក្រុមការងារចុះជួយឃុំ សង្កាត់ ពិសេសត្រូវអនុវត្តផែនការ ការងារស្របទៅតាមច្បាប់ដែលយើងបានរៀបចំ ដើម្បីឈានឆ្ពោះទៅរកជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ខាងមុខនេះ៕