(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា តុលាការកម្ពុជា នៅតែបន្តចោទប្រកាន់ លោក កឹម សុខា ពី«បទសន្និដ្ឋិភាពជាមួយរដ្ឋបរទេស» ប៉ុន្តែមិនបានធ្វើការចោទប្រកាន់រដ្ឋបរទេសណាមួយក្នុងសំណុំរឿងនេះនោះទេ។

ការចេញមកបញ្ជាក់ជាថ្មីរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា ធ្វើឡើងក្រោយមានការបកស្រាយដោយភាន់ច្រឡំចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលថ្មីៗនេះ នៅសហរដ្ឋអាមេរិក ដែលមេធាវី លោក កឹម សុខា បានលើកឡើងដោយព្យាយាមទាញរដ្ឋបរទេស ឱ្យចូលខ្លួននៅក្នុងសំណុំរឿងនេះ ឬនិយាយថា បើមិនចោទប្រកាន់ តុលាការតែបញ្ចប់នីតិវិធីលោក កឹម សុខា ឱ្យបានឆាប់ជាដើម។

ពាក់ព័ន្ធនឹងការបកស្រាយនេះ លោក ជិន ម៉ាលីន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ដូច្នេះថា៖ «អ្វីដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងនៅសហរដ្ឋអាមេរិក គឺគ្រាន់តែចង់បញ្ជាក់ឱ្យសាធារណជន បានដឹងច្បាស់ថា កន្លងមកនេះ ទាំងរាជរដ្ឋាភិបាលក្តី ទាំងតុលាការក្តី មិនមែនជាអ្នកដែលភ្ជាប់សហរដ្ឋអាមេរិក ឬចោទប្រកាន់សហរដ្ឋអាមេរិក ឬរដ្ឋបរទេសណាមួយ នៅក្នុងសំណុំរឿងដែលចោទប្រកាន់លើ ឯកឧត្កម កឹម សុខា នោះទេ ប៉ុន្តែគឺឯកឧត្តម កឹម សុខា ផ្ទាល់ ដែលជាអ្នកនិយាយភ្ជាប់សហរដ្ឋអាមេរិក និងរដ្ឋបរទេសចូលទៅក្នុងសំណុំរឿងនេះ។ ដូចនេះ បើរដ្ឋបរទេសណាមិនសុខចិត្តនឹងការ លោក កឹម សុខា ភ្ជាប់ឈ្មោះប្រទេសរបស់ខ្លួនទៅក្នុងសំណុំរឿងនេះ គឺត្រូវធ្វើការតវ៉ាជាមួយ លោក កឹម សុខា ផ្ទាល់»

លោកបានបន្តថា ចំពោះរដ្ឋាភិបាល គឺមិនមានបញ្ហាជាមួយរដ្ឋបរទេសណាមួយនោះទេ ឬចោទប្រកាន់ទៅលើរដ្ឋបរទេសណាមួយដែរ។ ផ្ទុយទៅវិញ នៅក្នុងសំណុំរឿងនេះ មេធាវីរាជរដ្ឋាភិបាលបានស្នើសុំឱ្យតុលាការប្រើអក្សរជាតំណាង នៅពេលដែលមានឯកសារណាពាក់ព័ន្ធដល់រដ្ឋបរទេស។ ករណីនេះក៏ធ្លាប់បានអនុវត្តនៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលយើងស្គាល់ថា សាលាកាត់ក្តីមេដឹកនាំខ្មែរក្រហម។ មេធាវីរាជរដ្ឋាភិបាលក្នុងសំណុំរឿង បានបញ្ជាក់ជាមួយអ្នកសារព័ត៌មានទាក់ទងនឹងករណីនេះថា ការស្នើសុំដូច្នេះ គឺក្នុងគោលបំណងដើម្បីកុំឱ្យប៉ះពាល់ដល់បណ្តារដ្ឋបរទេស ក៏ដូចជាទំនាក់ទំនងរវាងរដ្ឋបរទេស និងព្រះរាជាណាចក្រកម្ពុជា។

កាលពីពេលថ្មីៗនេះ ក្រុមមេធាវីរបស់ លោក កឹម សុខា ស្នើឲ្យតុលាការកោះហៅទូតបរទេសចូលសវនាការ ក្នុងសំណុំរឿងសន្និដ្ឋិភាពជាមួយរដ្ឋបរទេសរបស់ លោក កឹម សុខា។ លោក ជិន ម៉ាលីន បានចាត់ទុកថា ការធ្វើដូច្នេះ គឺជាល្បិចរបស់ភាគីជនជាប់ចោទ ដើម្បីរុញឱ្យរដ្ឋបរទេស ចូលក្នុងសំណុំរឿងជាមួយគាត់ ហើយប្រើប្រាស់បរទេសឱ្យជួយគាត់ឱ្យរួចចេញពីសំណុំរឿងព្រហ្មទណ្ឌនេះ ឬពីដំណើរការកាត់ក្តីរបស់តុលាការ តាមរយៈឱ្យបរទេសប្រើឥទ្ធិពលដាក់សម្ពាធលើកម្ពុជា។

ទោះជាយ៉ាងនេះក្តី លោកថា ល្បិចកលនេះនឹងមិនបានទទួលបានជោគជ័យទេ ដោយសារកត្តាសំខាន់ៗយ៉ាងតិចចំនួនពីរ៖ ទី១៖ កម្ពុជាជារដ្ឋអធិបតេយ្យ និងមានច្បាប់របស់ខ្លួន ដែលត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយអំណាចតុលាការ ដែលជាអំណាចឯករាជ្យ ធានាការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងទី២៖ ជាទិដ្ឋភាពច្បាប់ និងយោងតាមអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូតរវាងរដ្ឋ និងរដ្ឋ, ទូតបរទេសតែងមានអភ័យឯកសិទ្ធិ ហើយមិនចំណុះទៅនឹងអំណាចតុលាការនៃរដ្ឋម្ចាស់ផ្ទះទេ ហើយតុលាការនៃរដ្ឋម្ចាស់ផ្ទះ ក៏ពុំមានសិទ្ធិអំណាចអ្វីដើម្បីចាត់នីតិវិធីទៅលើទូតបរទេសនោះដែរ។

លោកបានបញ្ជាក់ថា ចំពោះករណីចុងក្រោយនេះ និងដូចអ្វីដែលបានបញ្ជាក់ជាទិដ្ឋភាពច្បាប់នាពេលកន្លងមក គឺមិនប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការឡើយ ដរាបណាតុលាការមានមូលដ្ឋានភស្តុតាងរឹងមាំនៅក្នុងសំណុំរឿងនេះរួចហើយ៕