(ភ្នំពេញ)៖ ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទីប្រឹក្សាបច្ចេកទេស និងមន្ត្រីក្រោមឱវាទទាំងអស់ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សូមសម្តែងការអមអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះឯកឧត្តម ឌុយ ធៅ ក្នុងឱកាសព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ៩ឆ្នាំ (ឆ្នាំ២០២២-២០៣១)។

យើងខ្ញុំទាំងអស់គ្នាមានសេចក្តីសប្បាយរីករាយឥតឧបមា និងមានមោទនភាពជាខ្លាំងចំពោះ ឯកឧត្តម ដែលជាអតីតអនុប្រធាននិងជាទីប្រឹក្សាបច្ចេកទេសនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ត្រូវបានទទួល
នូវសេចក្តីទុកចិត្តដ៏ឧត្តុងឧត្តមក្នុងការបំពេញមុខតំណែងនេះ។ នេះក៏ជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីសមត្ថភាព និងការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម ដែលក្នុងរយៈកាលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានសម្រេចជោគជ័យជាបន្តបន្ទាប់ ហើយនឹងទទួលបាន ជោគជ័យលើគ្រប់ភារកិច្ចការងារថ្មី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ
ក្នុងលោក គុណបុណ្យព្រះរតនត្រ័យ សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ប្រកបដោយ
សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល ព្រមទាំងបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕