(កណ្ដាល)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អនុប្រធានទី១ នៃគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម ខេត្តកណ្តាល បានជួបសំណេះសំណាល ជាមួយភ្នាក់ងារគណបក្ស អ្នកអង្កេតការណ៍ យុវជន យុវនារី ក្នុងឱកាសនៃត្រៀមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។

លោករដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានសម្តែងនូវកិច្ចសា្វគមន៍ និងក្តីនឹករលឹកចំពោះ សមាជិក សមាជិកាទាំងអស់ ក្នុងឱកាសជួបសំណេះសំណាលនាថ្ងៃនេះ បន្ទាប់ពីខកខានការជួបជុំទ្រង់ទ្រាយ ដោយសារស្ថានភាពនៃការរីករាតត្បាតនៃជំងឺកូវីដ១៩ ក្នុងរយៈពេល២ឆ្នាំកន្លងមក។

លោក គង់ វិបុល បានបញ្ជាក់ថា «បន្ទាប់ពីទាំងអស់គ្នាបានឆ្លងកាត់នូវដំណាក់កាលជាច្រើន នៃការប្រយុទ្ធប្រឆាំងនឹងកូវីដ និងឈានមកដំណាក់កាលរស់នៅ ក្នុងគន្លងប្រក្រតីភាពថ្មី យើងត្រូវរំលឹកដល់គុណូបការក្សគុណ របស់សម្តេចតេជោជាអគ្គមេបញ្ជាការបញ្ជាដឹកនាំ មានចក្ខុវិស័យវែងឆ្ងាយសកម្ម និងបុរេសកម្មក្នុងការប្រយុទ្ធប្រឆាំងនិងកូវីដ១៩ តាមដំណាក់កាលនៃការគ្រប់គ្រង ការព្យាបាល ការចាក់វ៉ាក់សាំង (ស្រោចវ៉ាក់សាំង) និងបើកប្រទេសឡើងវិញ រៀនរស់ជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី»

លោកបានបន្ថែមថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កម្ពុជាមានឯគទគ្គកម្មដោយពុំមានអ្នកឆ្លងជំងឺកូវីដ១៩ ឬស្លាប់ដោយសារកូវីដឡើយ។

ក្នុងនោះលោក គង់ វិបុល បានសំណេះសំណាលជាមួយភ្នាក់ងារគណបក្ស អ្នកអង្កេតការណ៍ យុវជន យុវនារី និងនាំមកសារសំខាន់ជាច្រើនរួមមាន៖

* ពាំនាំនូក្តីនឹករលឹកពីថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ។

លោកបានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកនៃសុខសន្តិភាព បានរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងការនាំមកជូនប្រជាជននូវសិទ្ធិ សេរីភាព លិទ្ធិប្រជាធិបតេយ្យ កិត្តិយស សេចក្តីថ្លៃថ្នូរ, និងការអនុវត្តនូវគោលនយោបាយឈ្នះ-ឈ្នះ ឈានទៅស្តារ និងកសាងសេដ្ឋកិច្ច សង្គមកិច្ច និងភាពរីកចម្រើនគ្រប់វិស័យ ព្រមទាំងបានសង្គ្រោះ និងការពារប្រជាជនកម្ពុជាឱ្យផុតពីការយាយីនៃជំងឺកូវីដ១៩។

លោក គង់ វិបុល បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះជួយមូលដ្ឋានឃុំទាំង១៥ និងគណបក្សស្រុក-ឃុំទាំងអស់ បានចូលរួមយ៉ាងសស្រាក់សស្រាំ ចុះសួរសុខទុក គ្រួសារបក្ស និងសមាជិកបក្ស។ ការបោះឆ្នោតឃុំ-សង្កាត់ ជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងសិទ្ធិសេរីភាពរបស់ប្រជាជន ហើយគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាអាណត្តិក្រោយ និងឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ជាជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

បោះឆ្នោតជូនគណបក្សប្រជាជន ជាការសម្តែងនូវគុណូបរក្សដឹងគុណ ចំពោះសម្តេចតេជោដែលបានសង្គ្រោះ និងការពារប្រជាជនកម្ពុជា ឱ្យផុតពីការយាយីនៃជំងឺកូវីដ១៩។ សម្រាប់ការងារត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ភ្នាក់ងារគណបក្ស និងអ្នកអង្កេតការណ៍ទាំងអស់ ត្រូវចូលរួមបំពេញតួនាទីភារកិច្ចឱ្យបានពេញលេញ៕