(កោះកុង)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal GROUP co.Ltd) និងលោកស្រី ម៉ៅ ចំណាន បានបរិច្ចាគថវិកា ចំនួន២០,០០០ដុល្លារ តាមរយៈលោក ម៉ៅ លីណា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២២។

លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ សំណាន ព្រមទាំងបុត្រ តាមរយៈលោក ម៉ៅ លីណា តំណាងអ្នកឧកញ៉ាដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមការងារមនុស្សធម៌ នៅក្នុងខេត្តកោះកុង សម្រាប់ពេលនេះ និងពេលកន្លងមក ហើយកាកបាទក្រហមកម្ពុជាខេត្តនឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាក ដោយគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយផ្សេងៗ។

បន្ថែមលើនេះទៀត លោក ម៉ៅ លីណា តំណាងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP និងលោកស្រី ម៉ៅ ចំណាន បានអះអាងថា រូបលោករីករាយ និងពេញចិត្តខ្លាំងណាស់រាល់សកម្មភាពរបស់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋ គ្រាជួបទុក្ខលំបាក ដោយមិនប្រកាន់និន្នាការនយោបាយ។

លោក ឈួន យ៉ាដា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានលើកឡើងថា អំណោយ និងថវិកាដែលទទួលបានពីសប្បុរសជនទាំងអស់ សាខាកាកបាទក្រហមខេត្ត នឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅ និងទៅដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកជនងាយរងគ្រោះ និងជួបគ្រោះមហន្តរាយផ្សេងៗដោយពិតប្រាកដ៕