(ព្រះសីហនុ)៖ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ និងថ្នាំចិនលៀនហ័រ ៤.០០០ប្រអប់ ជូនសាខាកាកបាទក្រហមខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌។

អំណោយទាំងនេះ ត្រូវបាន លោក Jiang Kexing ជំនួយការអគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ យកប្រគល់ជូន លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

លោក Jiang Kexing បានគូសបញ្ជាក់ថា អំណោយជាថវិកា និងថ្នាំចិនលៀនហ័រនេះ ជាការចូលរួមចំណែករបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បន្តជួយដល់បុព្វហេតុមនុស្សធម៌របស់កាកបាទក្រហមខេត្តព្រះសីហនុ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។

លោក Jiang Kexing បានលើកឡើងថា ការចាក់ឫសក្នុងមូលដ្ឋាន និងការសម្រេច បានជោគជ័យរួមគ្នាជាមួយប្រជាជនក្នុងមូលដ្ឋាន គឺជាគោលការណ៍អភិវឌ្ឍន៍របស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ រយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវកម្រិតជីវភាពរបស់ប្រជាជនក្នុងតំបន់ ដោយពន្លឿនការអភិវឌ្ឍន៍ និងសាងសង់តំបន់ពិសេស ជំរុញការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់យ៉ាងច្រើន។

ក្រុមហ៊ុនសេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានចូលរួមបំពេញសកម្មភាពមនុស្សដែលជាការរួមចំណែកទទួលខុសត្រូវក្នុងសង្គម ដោយបង្កើតឡើងអង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណ:អនុវត្តសកម្មភាពសប្បុរសធម៌ដើម្បីកាត់បន្ថយភាពក្រីក្រ ធ្វើឱ្យប្រជាជនមានអារម្មណ៍កក់ក្តៅ និងក្តីសង្ឃឹម។

លោក Jiang Kexing បានលើកឡើងដែរថា អំណោយជូនដល់កាកបាទក្រហមខេត្តព្រះសីហនុ នាពេលនេះ មិនត្រឹមតែបង្ហាញពីការគាំទ្រដល់ការអភិវឌ្ឍន៍មនុស្សធម៌ ជាមួយសកម្មភាពជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញជាថ្មីម្តងទៀតថា ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងសហការជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ដើម្បីជម្នះផលប៉ះពាល់ពីការរីករាលដាលនៃមេរោគកូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ៕