(ប៉េកាំង)៖ ទឹកជំនន់ដ៏អាក្រក់ ដែលកំពុងវាយលុកបណ្តាខេត្តមួយចំនួន នៅភាគខាងត្បូងប្រទេស ចិននោះបានសម្លាប់មនុស្ស ៥៩នាក់ហើយ និង ១៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ប៉ុន្តែពួកគេទំនង ជាមិនមានសង្ឃឹមរួចរស់ជីវិតនោះទេ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅយប់ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១៦។

ប្រជាជននៅតំបន់ភាគខាងត្បូងរបស់ចិនប្រមាណ ៥,៨៥លាននាក់ បាននិងកំពុងរស់នៅក្នុង ទឹកជំនន់ ដែលបានអូសបន្លាយចាប់តាំងពីថ្ងៃទី១៣ ខែឧសភាមកម្ល៉េះ។ សម្រាប់ការខាតបង់ ផ្នែកសេដ្ឋកិច្ចវិញ គឺរដ្ឋាភិបាលចិនបានគណនាថា អាចនឹងមានរហូតដល់ ៨,៨៦ពាន់លានយ័ន ស្មើនឹង ១,៣៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ភ្លៀងបានធ្លាក់មកលើតំបន់ភាគខាងត្បូងមានកម្រិត ១០៤ មីលីម៉ែត្រឯណោះ ដែលជាកម្រិតអាក្រក់មួយ មិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៦១។ ប្រទេសចិននៅដើមរដូវវស្សានេះ បានទទួលរងប្រព័ន្ធសម្ព័ន្ធទាបចំនួន ១៣ ដែលបានបណ្តាល ឲ្យទន្លេ ៩៩កើនឡើងកម្ពស់ទឹកលើសកម្រិតប្រកាសអាសន្នទៅទៀត៕