Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលក្រុងក្រចេះ ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀន១៦កញ្ចប់

13-05-2022 16:53

(ក្រចេះ)៖ នគរបាលក្រុងក្រចេះ ក្រោមបញ្ជាលោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យ៣នាក់ និងវត្ថុតាង ពាក់ព័ន្ធករណីជូញដូរ និងប្រើប្រាស់ ព្រមទាំងថ្នាំញៀនផងដែរ។

ប្រត្តិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅចំនុចផ្លូវលំ ភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ។

យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា បានបញ្ជាក់ថា កម្លាំងនគរបាល បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុន ស៊ឹង ហៅប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ដោយដកហូតវត្ថុតាងបានម្សៅក្រាមពណ៌សរចំនួនមួយកញ្ចប់។

តាមរបាយការណ៍បញ្ជាក់ទៀតថា តាមចម្លើយសារភាពជនសង្ស័យខាងលើ នៅថ្ងៃដដែលកម្លាំងនគរបាលក្រុងក្រចេះ បានបន្តឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត នៅភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

ជនសង្ស័យទី១ឈ្មោះ តេង វឌ្ឍនះ ហៅអូន អាយុ៣៦ឆ្នាំ មុខរបរមិនពិត និងទី២ឈ្មោះ ឈឹម ប៊ុនថុល អាយុ៤៥ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ដោយដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សចំនួន១៥កញ្ចប់ ទុយោសម្រាប់ចូករំលែកគ្រឿងញៀនចំនួន១ ថង់សម្រាប់ច្រករំលែកគ្រឿងញៀន ទូរស័ព្វចំនួន២ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំតាមនិតិវិធី៕