Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃាតកម្មដ៏ព្រៃផ្សៃ! កម្លាំងនគរបាលតាមចាប់ខ្លួនដៃដល់ម្នាក់ ក្រោយវាយសម្លាប់ ប្រពន្ធ និងកូនក្នុងផ្ទៃនៅខេត្តព្រះសីហនុ

13-05-2022 16:22

(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលពាក់ព័ន្ធ បានតាមស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនដៃដល់ម្នាក់ ក្រោយសម្លាប់ប្រពន្ធ និងកូនក្នុងផ្ទៃ កាលពីនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះថា ជនសង្ស័យម្នាក់ឈ្មោះ យ៉ែម ចិន្តា អាយុ៤៣ឆ្នាំ មុខរបរ កម្មករដុតធ្យូង មានទីលំនៅកន្លែងកើតហេតុ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពវាយទៅលើប្រពន្ធឈ្មោះ វុន វ៉ាន់ អាយុ៣៦ឆ្នាំ យ៉ាងធ្ងន់ធ្ងរបណ្តាលឲ្យរងរបួសធ្ងន់ (រលូតកូនក្នុងផ្ទៃ)។ ក្រោយមកនៅថ្ងៃ១១ ខែឆ្នាំដដែល វេលាម៉ោង១៥ និង០០នាទី ស្ដ្រីដែលជាជនរងគ្រោះ វុន វ៉ាន់ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ។ ចំណែកជនសង្ស័យឈ្មោះ យ៉ែម ចិន្ដា បានរត់គេចខ្លួន ក្រោយកើតហេតុ។

បើតាមលោកស្នងការ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកបានបញ្ជាឲ្យកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៤, កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញាខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៧និង០៥នាទី ក៏ឃាត់ខ្លួនបានជនសង្ស័យ នៅចំណុចភ្លើងស្តុបហ្គោលឌិនហាវ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ចំពោះករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធី៕