(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសាលប្រជុំថ្មី១ខ្នង ជួសជុលអគារ របង ក្លោងទ្វារ និងទីធ្លាបរិវេណស្នាក់ការគណបក្សប្រជាជកម្ពុជា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះ ឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណា ដែលមានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តកម្មវិធីចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល ជាពិសេស ត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយមិនត្រូវពឹងផ្អែកតែទៅលើការបានចាក់វ៉ាក់សាំងនិងថ្នាំព្យាបាលនោះទេ។

បានឲ្យដឹងថា សាលប្រជុំថ្មី ១ខ្នង និងសមិទ្ធិផលផ្សេងៗ ដែលត្រូវធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ដោយបានបង្ហាញពីការចូលរួមនិងការទទួលខុសត្រូវពីក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស និងថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋាន ដែលបំរើឲ្យការងាររដ្ឋបាល ការងារគណបក្ស នៅថ្នាក់មូលដ្ឋាន។ អគារនេះ ក៏បានបង្ហាញពីភាពរឹងមាំរបស់គណបក្ស ដែលមានភាពចាស់ទុំ ខាងនយោបាយ ក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះឈ្នះ ដែលបាននាំមក នូវសន្តិភាព និងការឯកភាពជាតិ ពេញេលញ។

លោកស្រីក៏បានបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ខេត្តស្វាយរៀង ស្រុកកំពង់រោទិ៍ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស បានរួមគ្នា កសាងនូវសមិទ្ធិផលជាច្រើននៅក្នុងស្នាក់ការគណបក្សប្រជាជនស្រុកកំពង់រោទិ៍នេះ ដែលបានចំណាយថវិកាអស់ជាង ១៣៣,២៤១ដុល្លារ រួមមាន ទី១៖ អគារសាលប្រជុំសាងសង់ថ្មី ចំនួន០១ខ្នង ទី២៖ ជួសជុលអគារការិយាល័យចំនួន ០១ខ្នង ទី៣៖ ជួសជុល ក្លោងទ្វា និងរបងព័ទ្ធជុំវិញទីស្នាក់ការគណបក្សស្រុក ចំនួន ២៧០ម៉ែត្រ និងទី៤៖ ចាក់សាបបេតុងជុំវិញបរិវេញទីធ្លាទីស្នាក់ការគណបក្សស្រុក ចំនួន ២៥០០ម៉ែត្រការ៉េ៕