(ព្រះសីហនុ)៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP KOH RONG DEVELOPMENT COMPANY LTD និងលោកជំទាវ ម៉ៅ ចំណាន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឧបត្ថម្ភថវិកាចំនួន ៣០,០០០ដុល្លារអាមេរិក ដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរ នៅក្នុងឱកាសខួបលើកទី ១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២។

លោក គួច ចំរើន នាមប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអរគុណដល់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ព្រមទាំងបុត្រ តាមរយៈលោក សៀក ឡេង តំណាងអ្នកឧកញ៉ា ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមការងារមនុស្សធម៌ នៅក្នុងខេត្តព្រះសីហនុ ហើយកាកបាទក្រហមកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

ក្នុងឱកាសនោះផងដែរ លោកប្រធានសាខាបានលើកឡើងថា អំណោយ និងថវិកាដែលទទួលបានពីសប្បុរសជនទាំងអស់ សាខាកាកបាទក្រហមខេត្ត នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងទៅដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកជនងាយរងគ្រោះ និងជួបគ្រោះមហន្តរាយផ្សេងៗដោយពិតប្រាកដ៕