(ក្រចេះ)៖ ព្រះគ្រូ បេ សីហា ព្រះធម្មធរអនុគុណស្រុកឆ្លូង និងព្រះចៅអធិការចំនួន១០វត្ត ស្ថិតនៅស្រុកឆ្លូង នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បាននាំយកសម្ភារ និងថវិកាសប្បុរសធម៌មួយចំនួនពីព្រះសង្ឃប្រគល់ជូនលោក ហេង សុថា អភិបាលស្រុកឆ្លូង និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឆ្លូង ដើម្បីចែកជូនប្រជាពលរដ្ឋទីទល់ក្រ ចាស់ជរា ងាយរងគ្រោះ។

អំណោយទាំងនោះរួមមាន៖ អង្ករ៥បេ ទឹកសុទ្ធវីតាល់៧កេស ទឹកត្រី៨យួរ ទឹកស៊ីអ៉ីវ៦យួរ មី៦កេស ត្រីខ៣កេស ទឹកផ្លៃឈើ៨កេស បន្លុង១៩ឈុត រួមនិងបច្ច័យចំនួន១,៥០០,០០០រៀល។

មានសង្ឃដីកាក្នុងពិធីប្រគល់ទទួលអំណោយមនុស្សធម៌ ព្រះគ្រូ បេ សីហា បានសម្ដែងនូវការគាំទ្រក្នុងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋទីទាល់ក្រ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះ មហន្តរាយនានា និងដើម្បីជួយគាំទ្រដល់សកម្មភាពប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងខេត្តក្រចេះ ក៏ដូចជានៅក្នុងស្រុកឆ្លូងផងដែរ ហើយចំពោះអំណោយដែលបានមកនៅពេលនេះ គឺទទួលបានពីទឹកព្រះទ័យ និងទឹកចិត្តជ្រះថ្លា ពីសំណាក់ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាសប្បុរសជន និងពុទ្ធបរិស័ទនានានៅក្នុងខេត្ត ដែលតែងតែចូលរួមគាំទ្រឧបត្ថម្ភជាមួយព្រះសង្ឃជារៀងរាល់ឆ្នាំ។

លោក ហេង សុថា មានក្ដីសោមនស្សរីករាយដែលព្រះតេជគុណគ្រប់ព្រះអង្គបានយកចិត្តទុកដាក់ការអនុវត្តដ៏ត្រឹមត្រូវរបស់កាកបាទក្រហមកម្ពុជា ហើយបានយកសម្ភារៈ និងថវិការួមចំណែកជួយសង្គម ពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នាជួយគ្នាទៅវិញទៅមក។

លោកសន្យាថានឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅ ត្រូវតាមបំណងរបស់ព្រះអង្គ ដើម្បីជួយសម្រាលការលំបាកជូនជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះអន្តរាយផ្សេងៗនៅគ្រប់ទីកន្លែង គ្រប់សហគមន៍ នៅក្នុងស្រុកឆ្លូងឱ្យបានទាន់ពេលវេលា ដោយគ្មានការរើសអើងចំពោះជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ៕