(តិចសាស់)៖ យ៉ាងណាស់អ្នកដំណើរ ០៨នាក់ស្លាប់ និង៤៤នាក់ទៀតរងរបួស បន្ទាប់ពីរថយន្ត ក្រុងឈ្នួលដែលពួកគេជិះបាន ធ្លាក់ចេញពីផ្លូវហៃវេយ៍ រួចក្រឡាប់ជាច្រើនត្រឡប់ស្ថិតនៅភាគខាង ត្បូងនៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១៦។

អ្នកនាំពាក្យក្រសួងសុវត្ថិភាពសាធារណលោក Conrad Hei បានថ្លែងនៅព្រឹកថ្ងៃអាទិត្យនេះថា រថយន្តក្រុងខាងលើនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវហៃវេយ៍ ៨៣ ក្នុងសង្កាត់ Webb County បន្ទាប់ពីអ្នកបើកបរបានបាត់បង់ភាពម្ចាស់ការ។ តៃកុងរថយន្តក៏ទំនងជាស្ថិតនៅក្នុង ចំណោមអ្នករងរបួសទាំង ៤៤នាក់នោះផងដែរ។

គួរបញ្ជាក់ថា រថយន្តក្រុងខាងលើនេះ បានធ្វើដំណើរមកពីទីក្រុង San Juan នៃរដ្ឋតិចសាស់ ដែលមានព្រំដែនជាប់ប្រទេសម៉ិចស៊ិកូ ដោយមានគោលដៅឆ្ពោះទីក្រុង Eagle Pass ចម្ងាយជិត ៥០០ គីឡូម៉ែត្រ នៃភាគខាងជើងរដ្ឋតិចសាស់។ មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ខាងលើនេះ ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតបន្តទៀត៕