(បន្ទាយមានជ័យ)៖ បន្ទាប់ពីមានគោលការណ៍សម្រាប់សិស្សពូកែ នៅទូទាំងខេត្តព្រៃវែងនោះ ឥឡូវនេះ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានបន្តប្រកាសផ្តល់ម៉ូតូជូនសិស្សថ្នាក់ទី១២ ទាំងឡាយណានៅទូទាំងខេត្តបន្ទាយមានជ័យ បើសិនប្រឡងជាប់បាក់ឌុប ហើយទទួលបាននិទ្ទេសA។

ការថ្លែងប្រកាសបែបនេះរបស់លោក ស សុខា បានធ្វើឡើងខណ:ដែលលោក និងលោកស្រី បានដឹកនាំក្រុមយុវជនទៅចែកអំណោយជូនកុមារកំព្រា១៧១នាក់ នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។

លោក ស សុខា បានថ្លែងបញ្ជាក់ថា «ដើម្បីជំរុញការសិក្សារបស់ប្អូនៗយុវជន នៅក្នុងខេត្តបន្ទាយមានជ័យ ក្រុមការងារ សសយក ខេត្តព្រៃវែង នឹងផ្ដល់ម៉ូតូ១គ្រឿងដល់ប្អូនៗដែលជាប់បាក់ឌុបបាននិទ្ទេសA។ កន្លងទៅក្រុមការងារផ្ដល់ការលើកទឹកចិត្តបែបនេះ តែក្នុងខេត្តព្រៃវែងប៉ុណ្ណោះ។ យើងខ្ញុំ ក៏សូមអធ្យាស្រ័យដល់ប្អូនៗយុវជនបណ្ដាខេត្តផ្សេងៗដែរ ដែលពុំផ្ដល់ការលើកទឹកចិត្តអីចឹង ដោយសារលទ្ធភាពមានកម្រិត តែយើងខ្ញុំ ក៏ឃើញមានក្រុមការងារដ៏ទៃទៀតអនុវត្តផែនការនេះជាច្រើនខេត្តមកដែរ»

ប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង រូបនេះ បានលើកឡើងទៀតថា «មិនសំដៅតែលើប្អូនៗសិស្សានុសិស្ស ដែលរស់នៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ខេត្តបន្ទាយមានជ័យ នោះទេ ខ្ញុំសូមលើកទឹកចិត្តប្អូនៗទាំងអស់ឲ្យខិតខំប្រឹងប្រែងសិក្សា ដោយបង្កើតជាក្រុមៗរៀនតាមមុខវិជ្ជាដាក់កាលវិភាគផ្លាស់វេនស្វ័យសិក្សានៅក្នុងមណ្ឌល»

ជាមួយគ្នានេះ លោក ស សុខា បានបញ្ជាក់ថា ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាក្ដីព្រួយបារម្ភ សូមប្អូនៗបង្កើនការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរទៅមក ដោយគោរពច្បាប់ចរាចរណ៍ យល់យោគអធ្យាស្រ័យ គោរពគ្នាក្នុងពេលធ្វើដំណើរ។ រឿងមួយទៀត គឺបញ្ហាគ្រឿងញៀន។ សូមកុំលលែងឲ្យសោះ វានឹងទាញប្អូនៗ ឲ្យខូចអនាគត និងសង្គមអាប់អួរ។

ជាចុងក្រោយលោក បានផ្តាំផ្ញើទៅ ប្អូនៗ កុំអស់សង្ឃឹម គឺត្រូវបោះជំហានទៅមុខបន្តិចទៀត ប្អូននឹងដល់គោលដៅហើយ។ ប្អូនកុំគិតថា យើងកំព្រា យើងក្រ យើងគ្មានបក្ខពួកខ្សែស្រឡាយ មិនអាចធ្វើការធំដុំបានឲ្យសោះ រដ្ឋាភិបាលបានកំពុងផ្ដល់ឱកាស ដល់យុវជនជំនាន់ក្រោយច្រើនណាស់ (ទាំងក្របខណ្ឌរាជការ និងមុខងារនយោបាយ) តែប្អូនៗ គប្បីមានសមត្ថភាព មានបទពិសោធន៍ មានទំនាក់ទំនងល្អនឹងបុគ្គលដ៏ទៃ ធ្វើឲ្យគេមានទំនុកចិត្ត…នោះឱកាសការងារតូចធំនឹងទទួលបាន។

កុមារកំព្រាទាំង១៧១នាក់ បានទទួលអំណោយរួមមាន មី១០កេះធំ ទឹកត្រី ១០យួរ ទឹកសុីអុីវ ១០យួរ ត្រីខ ១០កេះធំ ទឹកក្រូច១០កេះ ទឹកសុទ្ធ១០កេះ និង៣៤យួរ ទឹកដោះគោ១០កេះ ថវិកា១៥០០០ (១ម៉ឺន៥ពាន់រៀល) នំបុ័ងចំនួន៤០០ដើម និង សម្ភារសិស្សាមួយចំនួន ហើយឧបត្ថម្ភ បុគ្គលិក ចំនួន៣១នាក់ក្នុង១នាក់ថវិកា ៥ ម៉ឺនរៀល និងសារុង១៕