(សៀមរាប)៖ គ្រួសាររងគ្រោះរលំផ្ទះ របើកដំបូលដោយខ្យល់កន្ទ្រាក់ស្រុកពួក ត្រូវបានទទួលអំណោយពីសាខាកាកបាទក្រហមខេត្តសៀមរាប​​ បងប្អូនប្រជាពលរដ្ឋចំនួន២៧៥ គ្រួសារដែលរងគ្រោះដោយខ្យល់សារកន្ទ្រាក់ រលំផ្ទះ របើកដំបូល មកពីឃុំចំនួន ៧ឃុំរបស់ស្រុកពួកខេត្តសៀមរាប ត្រូវបាន លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប បាននាំយកអំណោយរបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូននៅរសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងស្រុកពួកខេត្តសៀមរាប។

ការផ្តល់អំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារចំនួន២៧៥ គ្រួសារក្នុងនោះរលំ ៧២ខ្នង របើកដំបូល២០៣ខ្នង គ្រួសារដែលរលំ ទទួលបាន សង្កសី១០សន្លឹក អង្ករ ២៥គីឡូក្រាម ថវិកា១០មឺុនរៀល គ្រួសាររបើកដំបូល ទទួលបាន សង្កសី១០សន្លឹក អង្ករ២៥គីឡូក្រាម ថវិកា៣មុឺនរៀល ជនរងគ្រោះ៦នាក់ របួសធ្ងន់២នាក់ក្នុងម្នាក់ៗទទួលបានថវិកា២០មឺុនរៀលអង្ករ ២៥គីឡូក្រាម របួសស្រាល៤នាក់ម្នាក់ៗទទួលបាន ថវិកា១០មុឺនរៀល អង្ករ២៥គីឡូក្រាម អ្នកស្លាប់ដោយសាររន្ទះបាញ់បញ្ជូនមកពីខេត្តប៉ៃលិន ទទួលបានថវិកា៥០មុឺនរៀល អង្ករ១០០គឺឡូក្រាម៕